(ហ្ស៊េរុយសាឡិម)៖ ការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ថាអ៉ីស្រាអែល បានយល់ព្រមចាប់ផ្ដើមកិច្ចចរចាស្ដីពីបទឈប់បាញ់ហ្កាហ្សាឡើងវិញ នៅថ្ងៃទី១៥ ខែសីហា តបតាមសំណើរបស់ក្រុមអ្នកសម្របសម្រួលមកពីសហរដ្ឋអាមេរិក កាតា និងអេហ្ស៉ីប។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ចាប់តាំងពីសម្រេចបានបទឈប់បាញ់លើកដំបូងមានរយៈពេល១សប្ដាហ៍សម្រាប់សង្រ្គាមហ្កាហ្សា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមអ្នកសម្របសម្រួលមកពី សហរដ្ឋអាមេរិក កាតា និងអេហ្ស៉ីប បាន និងកំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកបទឈប់បាញ់លើកទី២ សម្រាប់សង្រ្គាមអូសបន្លាយពេលជាង ១០ខែ មកនេះដែលផ្ដើមចេញពីការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំដដែលនោះ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំនៃប្រទេសទាំង៣ បានអញ្ជើញភាគីសង្រ្គាម ដើម្បីចាប់ផ្ដើមកិច្ចចរចាឡើងវិញនៅថ្ងៃទី១៥ ខែសីហា ក្នុងទីក្រុងដូហា ប្រទេសកាតា ឬនៅទីក្រុងគែរ ប្រទេសអេហ្ស៉ីប ដើម្បីដោះស្រាយបញ្ចប់បញ្ហាសេសល់ និងចាប់ផ្ដើមអនុវត្តតាមកិច្ចព្រមព្រៀងដោយមិនត្រូវ ពន្យារពេលឡើយ។
ជាការឆ្លើយតប ការិយាយល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល បានបញ្ជាក់ថាខាងអ៉ីស្រាអែលនឹងបញ្ជូនអ្នកចរចាមួយក្រុមទៅចូលរួមកិច្ចចរចា នៅថ្ងៃទី១៥ ខែសីហា។ ប៉ុន្តែភ្លាមៗ ខាងក្រុមហាម៉ាសមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលហ្កាហ្សា ជនជាតិប៉ាឡេស្ទីនយ៉ាងហោច ៣៩ ៦៩៩នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៉ីស្រាអែល លើតំបន់ហ្កាហ្សា។ ប៉ុន្តែក្រសួងសុខាភិបាលហ្កាហ្សា មិនបានបែងចែកពីចំនួនជនស៊ីវិល និងក្រុមអ្នកប្រយុទ្ធហាម៉ាសដែលត្រូវបានសម្លាប់នោះទេ៕