(មូស្គូ)៖ កងទ័ពរុស្ស៉ី បានតស៊ូប្រយុទ្ធជាមួយកងទ័ពអ៊ុយក្រែន អស់រយៈពេល៣ថ្ងៃជាប់ៗគ្នា គិតត្រឹមកាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា បន្ទាប់ពីកងទ័ពអ៊ុយក្រែនបានវាយឆ្មក់ ឆ្លងព្រំដែនរុស្ស៉ីក្នុងតំបន់ Kursk ដោយបង្ខំឱ្យទីក្រុងមូស្គូដាក់ពង្រាយកងទ័ពបម្រុងទៅប្រយុទ្ធទប់ទល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
បើតាមក្រុមមន្ត្រីរុស្ស៉ី នៅក្នុងការវាយប្រហារដ៏ធំបំផុតមិនធ្លាប់មានរបស់អ៊ុយក្រែនលើរុស្ស៉ី ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក កងទ័ពអ៊ុយក្រែន ប្រហែលជា ១០០០នាក់ បានចាប់ផ្ដើមវាយរុលចូលទៅក្នុងទឹកដីរុស្ស៉ី តាំងពីថ្ងៃទី៦ ខែសីហា ជាមួយរថក្រោះ និងរថពាសដែកជាច្រើនគ្រឿងដែលត្រូវបានអមការពារដោយដ្រូន និងការបាញ់ផ្លោងកាំភ្លើងធំ។ ការវាយប្រហារដ៏ក្ដៅគគុកត្រូវបានរាយការណ៍នៅក្បែរទីក្រុង Sudzha ជាទីដែលឧស្ម័នធម្មជាតិរុស្ស៉ីត្រូវបានបង្ហូរទៅកាន់អ៊ុយក្រែន បង្កឱ្យមាន ការព្រួយបារម្ភពីលទ្ធភាពរារាំងស្ទះភ្លាមៗនៃលំហូរឧស្ម័នទៅកាន់តំបន់អឺរ៉ុប។
ការវាយឆ្មក់របស់អ៊ុយក្រែន បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្តលោកខាងលិច និងរួមទាំងលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ដែលបានហៅការវាយឆ្មក់របស់ អ៊ុយក្រែនថាជាការបង្កហេតុទ្រង់ទ្រាយធំ ខណៈប្រជាជនរាប់ពាន់នាក់ត្រូវបានជម្លៀស។ ដោយឡែក ខាងសេតវិមានឯណោះវិញ បាននិយាយថាសហរដ្ឋអាមេរិកមិនបានដឹងមុន ពីការវាយប្រហាររបស់អ៊ុយក្រែននោះទេ។
ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងថាកងទ័ពរបស់ខ្លួនបានបញ្ឈប់ការវាយរុលទៅមុខរបស់កងទ័ពអ៊ុយក្រែន នៅក្នុងតំបន់ Kursk។ ប៉ុន្តែ អ្នកសរសេរប្លុក ជំនាញខាងយោធាមួយចំនួននៅក្នុងប្រទេសរុស្ស៉ី បាននិយាយថាកងទ័ពអ៊ុយក្រែនបាន និងកំពុងវាយរុលទៅមុខឆ្ពោះទៅកាន់ស្ថានីយថាមពលនុយក្លេអ៊ែរ ក្នុងតំបន់ Kursk ដែលស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រពីភាគឦសានទីក្រុង Sudzha។
គួរបញ្ជាក់ថា យោធាអ៊ុយក្រែន នៅតែបន្តរក្សាភាពស្ងៀមស្ងាត់ជុំវិញការវាយលុកលើតំបន់ Kursk ហើយសូម្បីតែប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ក៏មិនបានលើកឡើងចំៗពីការវាយលុកនេះនោះដែរ ដោយគ្រាន់តែលោកកោតសរសើរកងទ័ពអ៊ុយក្រែនដែលមានសមត្ថភាពខ្ពស់បង្កភាពភ្ញាក់ផ្អើល និងសម្រេចនូវសមិទ្ធផល តែប៉ុណ្ណោះ៕