(ហ្គាហ្សា)៖ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍នេះ នៅតំបន់ហ្គាហ្សា បណ្តាលឱ្យស្លាប់ជនជាតិប៉ាឡេស្ទីន ២៥នាក់ ដែលបានបង្កើនភាពភ័យខ្លាចអំពីសង្រ្គាមធំៗក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
ក្រុមគ្រូពេទ្យប៉ាឡេស្ទីនបានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានវាយលើផ្ទះប្រជាជននៅជំរុំ Al-Bureij និង Al-Nuseirat បណ្តាលឱ្យមនុស្សស្លាប់ ១៩នាក់។ បន្ថែមពីនេះ នៅក្រុង Gaza និង Khan Younis ក៏មានមនុស្សស្លាប់បន្ថែមទៀត។
ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាមបានប្រកាសថា ពួកគេកំពុងប្រើរ៉ុក្កែតប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល ដែលកំពុងធ្វើប្រតិបត្តិការនៅតំបន់ហ្គាហ្សា។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារទៅលើគោលដៅយោធារបស់ក្រុមសកម្មប្រយុទ្ធជាច្រើន។
គួរបញ្ជាក់ថា អ៊ីស្រាអែលកំពុងត្រៀមខ្លួនសម្រាប់ការវាយប្រហារកាន់តែខ្លាំង ដែលប្រឈមមុខនឹងការសងសឹកពីអ៊ីរ៉ង់ និងក្រុម Hezbollah ដោយសារការសម្លាប់មេដឹកនាំពួកគេកាលពីសប្តាហ៍មុន។
សង្គ្រាមនេះបានចាប់ផ្ដើមកាលពីខែតុលាឆ្នាំមុន បន្ទាប់ពីក្រុមហាម៉ាសបានវាយប្រហារលើសហគមន៍អ៊ីស្រាអែល បណ្តាលឲ្យមនុស្សស្លាប់ចំនួន ១,២០០នាក់។ ចាប់តាំងពីពេលនោះមក មានជនជាតិប៉ាឡេស្ទីនជាង ៣៩,៦៩៩នាក់ត្រូវបានសម្លាប់ និង ៩១,៧២២នាក់រងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល៕