(តូក្យូ)៖ ក្រោយការរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រនៅភាគនិរតីនៃប្រទេសជប៉ុន ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានចេញសេចក្តីព្រមានពិសេសជាលើកដំបូង អំពីលទ្ធភាពនៃការរញ្ជួយដីដ៏ប្រល័យតាមបណ្តោយ តំបន់ Nankai Trough។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
ការរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ៤:៤៣នាទីរសៀល ម៉ោងក្នុងស្រុក នៅក្នុងសមុទ្រ Hyuga-nada ដែលស្ថិតនៅភាគខាងត្បូងនៃកោះ Kyushu។ ទោះបីជាការរញ្ជួយដីនេះមានកម្រិតខ្លាំងក៏ដោយ តែវាមិនមែនជាកម្រិតខ្លាំងបំផុតតាមមាត្រដ្ឋានរបស់ជប៉ុននោះទេ។
JMA កំពុងស៊ើបអង្កេតថា តើការរញ្ជួយដីនេះមានទំនាក់ទំនងទៅ នឹងលទ្ធភាពនៃការរញ្ជួយដីដ៏ធំមួយនៅតាមបណ្តោយតំបន់ Nankai Trough ដែរឬទេ ដែលជាបាតុភូតធម្មជាតិដែលអ្នកជំនាញបានព្រមានជាយូរមកហើយថា អាចបណ្តាលឱ្យមានការបាត់បង់ជីវិត និងទ្រព្យសម្បត្តិយ៉ាងច្រើននៅកណ្តាល និងភាគខាងលិចនៃប្រទេសជប៉ុន។
ក្រុមអ្នកជំនាញវាយតម្លៃលើបញ្ហានេះបាននិយាយថា លទ្ធភាពនៃការរញ្ជួយដីធំមួយតាមបណ្តោយ Nankai Trough បានកើនឡើង «ច្រើនដង» ដោយអំពាវនាវឱ្យប្រជាជនត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ណាមួយ។
ក្រោយការរញ្ជួយដី អាជ្ញាធរបានចេញការព្រមានអំពីរលកយក្សស៊ូណាមិនៅតំបន់មួយចំនួន ប៉ុន្តែក្រោយមកបានលុបចោលវិញ លើកលែងតែខេត្តមីយ៉ាហ្សាគី។ មានរបាយការណ៍ថាមានមនុស្សមួយចំនួនរងរបួសនៅខេត្តមីយ៉ាហ្សាគី និងខេត្តដទៃទៀតនៅកោះ Kyushu។ ទោះជាយ៉ាងណា មិនមានរបាយការណ៍ពីបញ្ហាអ្វីនៅរោងចក្រនុយក្លេអ៊ែរនៅក្បែរនោះទេ៕