(អ៊ីស្លាម៉ាបាដ)៖ ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗ ដែលបានចាប់ផ្តើមពីខែកក្កដា បានសម្លាប់មនុស្ស ១៥៤នាក់ និងធ្វើឱ្យមនុស្ស ២៧៩នាក់ផ្សេងទៀតរងរបួស នៅក្នុងតំបន់ផ្សេងៗនៃប៉ាគីស្ថាន នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) ចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។
ក្នុងចំណោមអ្នកស្លាប់មានកុមារ ៧៤នាក់ និងស្ត្រី ២៧នាក់ នេះបើយោងតាមរបាយការណ៍របស់ NDMA កាលពីថ្ងៃពុធ។
ខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យ គឺជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដោយមានអ្នកស្លាប់ ៥៧នាក់ បន្ទាប់មកគឺខេត្ត Punjab ភាគខាងកើត និងខេត្ត Sindh ភាគខាងត្បូង ដែលមានអ្នកស្លាប់ ៥៥នាក់ និង ៣០នាក់រៀងៗខ្លួន។
របាយការណ៍បានបន្ថែមថា មានមនុស្សចំនួន ៨នាក់បានស្លាប់នៅក្នុងខេត្ត Balochistan ភាគនិរតី, ៣នាក់នៅក្នុងតំបន់ Azad Jammu និង Kashmir និងម្នាក់ទៀតនៅក្នុងតំបន់ Gilgit-Baltistan ភាគខាងជើង។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន (NDMA) ក៏បានកត់សម្គាល់ផងដែរថា ក្នុងគ្រោះទឹកជំនន់ដែលបង្កឡើងដោយទឹកភ្លៀងនេះ សត្វចិញ្ចឹមចំនួន ៣៤៩ក្បាលបានងាប់ផងដែរ ខណៈដែលផ្ទះចំនួន ១,៥៥២ខ្នង និងស្ពាន ២៤កន្លែងត្រូវបានខូចខាត។