(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានរិះគន់សេចក្តីសម្រេចរបស់តុលាការថៃ ក្នុងការរំលាយគណបក្ស Move Forward ដែលជាគណបក្សប្រឆាំងដ៏សំខាន់ ដោយលើកឡើងថា សកម្មភាពនេះបានធ្វើឱ្យប៉ះពាល់ដល់ ដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសសម្ព័ន្ធមិត្តដ៏យូរលង់របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។
ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈអ្នកនាំពាក្យរបស់ខ្លួនគឺលោក Matthew Miller បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចនេះ ដោយចាត់ទុកថា វាបានដកហូតសិទ្ធិប្រជាជនថៃជាង ១៤លាននាក់ ដែលបានបោះឆ្នោតគាំទ្រគណបក្ស Move Forward។
លោក Matthew Miller បាននិយាយយ៉ាងដូច្នេះថា «សេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ក៏បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យរបស់ប្រទេសថៃ និងប្រឆាំងនឹងបំណងប្រាថ្នារបស់ប្រជាជនថៃ សម្រាប់អនាគតប្រជាធិបតេយ្យដ៏រឹងមាំផងដែរ»។
លោកបានបន្តថា «ក្នុងនាមជាសម្ព័ន្ធមិត្តជិតស្និទ្ធ និងជាមិត្តភក្តិដែលមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅ និងយូរអង្វែង យើងជំរុញឱ្យប្រទេសថៃចាត់វិធានការដើម្បីធានាការចូលរួមអ្នកនយោបាយប្រកបដោយបរិយាប័ន្ន និងការពារលទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៃការប្រមូលផ្តុំ និងការបញ្ចេញមតិ»។
គួរបញ្ជាក់ថា សេចក្តីសម្រេចនេះក៏ត្រូវបានរិះគន់ ដោយសហភាពអឺរ៉ុបផងដែរ ដែលចាត់ទុកថាវាជាការរាំងស្ទះដល់ដំណើរការប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ៕