(វ៉ាស៉ីនតោន)៖ ព្យុះត្រូពិក Debby ត្រូវបានព្យាករណ៍ថា នឹងបង្កភ្លៀងធ្លាក់កាន់តែច្រើន បន្ទាប់ពីវាបានមកដល់តំបន់ឆ្នេរនៃរដ្ឋ South Carolina ជាហេតុបណ្តាលឱ្យមានការភ័យខ្លាចពីទឹកជំនន់ភ្លាមៗ នៅក្នុងតំបន់ដែលបានរងឥទ្ធិពលព្យុះរួចហើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ ២០២៤។
ក្រុមអ្នកព្យាករអាកាសធាតុ បានឱ្យដឹងថា Debby អាចនាំមកនូវទឹកភ្លៀងកម្រិត ២៣សង់ទីម៉ែត្រនៅផ្នែកខ្លះនៃរដ្ឋ South Carolina នាថ្ងៃព្រហស្បតិ៍នេះ។ លោក Rich Bann មន្រ្តីឧតុនិយមនៃទីភ្នាក់ងារអាកាសធាតុជាតិ បានព្រមានថា ខណៈដែលព្យុះ Debby បានថមថយឥទ្ធិពលខ្លះកាលពីថ្ងៃពុធ បើប្រៀបធៀបនឹងប៉ុន្មានថ្ងៃកន្លងមក ប៉ុន្តែនៅថ្ងៃនេះ អាចនឹងប្រែប្រួលវិញ។ នៅសុក្រសប្តាហ៍នេះ ភ្លៀងនឹងមានធ្លាក់កម្រិត ១០.១៦សង់ទីម៉ែត្រនៅរដ្ឋ Virginia ឆ្ពោះទៅរដ្ឋ Pennsylvania ដែលផ្នែកខ្លះបានរងគ្រោះដោយព្យុះរួចមកហើយ ក្នុងសប្តាហ៍នេះ ដោយបង្កើនការព្រួយបារម្ភអំពី ទឹកជំនន់នៅទីនោះ។ រហូតដល់ចុងសប្តាហ៍ ក៏អាចមានភ្លៀងធ្លាក់កម្រិត ១០.១៦សង់ទីម៉ែត្រ នៅភាគកណ្តាលរដ្ឋញូវយ៉ក និងចូលទៅភាគខាងជើងរដ្ឋ Vermont។ មន្ត្រីគ្រប់គ្រងគ្រាអាសន្ន កំពុងឃ្លាំមើលយ៉ាងដិតដល់នូវបរិមាណទឹកភ្លៀង ហូរចូលទៅក្នុងប្រព័ន្ធទន្លេជាច្រើន ដែលហូរកាត់តាមរដ្ឋ Carolinas ដោយសេវាព្យាករណ៍ពីស្ថានភាពទឹករបស់រដ្ឋ បានឱ្យដឹងថា ផ្លូវទឹកចំនួន ៧ អាចនឹងជន់ឡើងដល់កម្រិតខ្ពស់។
គួរបញ្ជាក់ថា ព្យុះត្រូពិក Debby បានវាយប្រហារភាគអាគ្នេយ៍របស់សហរដ្ឋអាមេរិក ចាប់តាំងពីដើមសប្តាហ៍មកម្ល៉េះ បណ្តាលឱ្យមនុស្ស ៦នាក់ស្លាប់ នៅក្នុងរដ្ឋ Florida និងនៅរដ្ឋ Georgia៕