(ប៉េកាំង)៖ នាពេលថ្មីៗនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ សម្រាប់ការងារបង្កើនការការពារ បន្តវេននិងប្រើប្រាស់ សម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិបន្ទាប់ពី “អ័ក្សទីក្រុងប៉េកាំងដែលជាស្នាដៃដ៏ឆ្នើមបង្ហាញពី របៀបរៀបរយនៃសំណង់ទីក្រុងរបស់ប្រទេសចិន” “ក្រុមវាលខ្សាច់ ភ្នំ និងបឹងនៃវាលខ្សាច់ BadainJaran” “និងជម្រកបក្សីបម្លាស់ទីលំនៅ (ដំណាក់កាលទី២)” ត្រូវបានដាក់បញ្ចូលទៅក្នុង «បញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក» ដែលវាមានអត្ថន័យដ៏វិជ្ជមាន សម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ដែលអរិយធម៌ខាងសម្ភារៈនិងអរិយធម៌ខាងវិញ្ញាណ មានភាពស៊ីចង្វាក់គ្នា ហើយមនុស្សនិងធម្មជាតិរួមរស់ ជាមួយគ្នាដោយសុខដុមរមនា។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ត្រូវចាត់ទុកភាពជោគជ័យ នៃការស្នើសុំដាក់បញ្ចូលសម្បត្តិបេតិកភណ្ឌលើកនេះ ជាឱកាសមួយ ដើម្បីបង្កើនការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ដោយគ្រប់ជ្រុងជ្រោយនិងជាប្រព័ន្ធ លើកកម្ពស់សមត្ថភាពនិងកម្រិត នៃការការពារបេតិកភណ្ឌ និងការពារសម្បត្តិវប្បធម៌ និងសម្បត្តិធម្មជាតិរបស់ប្រជាជាតិចិន។
ត្រូវតែបន្តបង្កើនការងារបន្តវេន និងប្រើប្រាស់បេតិកភណ្ឌវប្បធម៌និងធម្មជាតិ ដើម្បីធ្វើឱ្យវាមានភាពរស់រវើកឡើងវិញ ក្នុងយុគសម័យថ្មី។ ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរអន្តរជាតិលើ វិស័យអភិរក្សបេតិកភណ្ឌវប្បធម៌និងធម្មជាតិ ដើម្បីរួមចំណែកកាន់តែច្រើន សម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល និងជំរុញការកសាងសហគមន៍រួមវាសនា របស់មនុស្សជាតិ៕
វិទ្យុមិត្តភាពកម្ពុជាចិន