(ប៉េកាំង)៖ បន្ទាប់ពីកិច្ចប្រជុំពេញអង្គលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ បានបញ្ចប់ដោយជោគជ័យ ផែនការគោលអភិវឌ្ឍន៍របស់ប្រទេសចិននៅក្នុងមួយរយៈកាលខាងមុខ ដែលកិច្ចប្រជុំពេញអង្គលើកនេះបានដាញ៉ាំងឱ្យអ្នកនយោបាយ អ្នកជំនាញធនាគារគំនិត និងប្រព័ន្ធសារព័ត៌មានសំខាន់ៗ នៃប្រទេសអាស៊ាននានាយកចិត្តទុកដាក់ជាទូទៅ ដោយសម្គាល់ឃើញថា ផែនការគោលរបស់ប្រទេសចិន សម្រាប់ជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន មិនត្រឹមតែមានសារសំខាន់ចំពោះ ការអភិវឌ្ឍរបស់ប្រទេសចិនខ្លួនឯងប៉ុណ្ណោះទេ ព្រមពេលជាមួយគ្នានេះ ក៏នឹងជះឥទ្ធិពលយ៉ាងស៊ីជម្រៅនិងវែងឆ្ងាយ ចំពោះប្រទេសអាស៊ានក្នុងការស្វែងរកផ្លូវទំនើបកម្មផងដែរ។

មូលដ្ឋាននិងគោលដៅនៃការធ្វើទំនើបកម្មតាមបែបផែនចិន គឺធ្វើឱ្យប្រជាជនចិនចំនួនជាង ១ពាន់៤រយលាននាក់ មានជីវភាពរស់នៅកាន់តែល្អប្រសើរ។ ក្នុងដំណើរថ្មី ប្រទេសចិននឹងជំរុញការធ្វើកំណែទម្រង់ តាមរយៈការបើកទូលាយ លើកកម្ពស់សមត្ថភាពបើកទូលាយ ក្នុងការពង្រីកកិច្ចសហប្រតិបតិ្តការអន្តរជាតិ ត្រួសត្រាយឥតឈប់ឈរនូវភាពជម្រៅ និងក្របខ័ណ្ឌបើកទូលាយចំពោះបរទេស ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មីនិងត្រួសត្រាយ ចន្លោះអភិវឌ្ឍន៍ថ្មីដល់ការជំរុញ ការធ្វើទំនើបកម្មតាមបែបផែនចិន។ និយាយចំពោះពិភពលោក ជាពិសេសគឺប្រទេសអាស៊ាន ដែលមានទឹកដីតភ្ជាប់ ជាមួយប្រទេសចិន ប្រការនេះមានន័យថា នឹងមានទីផ្សារកាន់តែទូលំទូលាយ និងកាលានុវត្តភាពអភិវឌ្ឍន៍ថ្មី ដែលមិនធ្លាប់មានកាលពីមុន។

នាពេលថ្មីៗកន្លងទៅនេះ លើខ្សែផ្លូវរថភ្លើងឆ្លងដែនចិន ឡាវ ថៃនិងម៉ាឡេស៊ី គ្រឿងសង្ហារិមនិងសម្ភារៈផ្ទះបាយ ដែលផលិតដោយប្រទេសចិន ផ្លែទុរេននិងផ្លែមង្ឃុតដែលផលិតដោយប្រទេសថៃ និងម្សៅដំឡូងមីដែលផលិតដោយប្រទេសឡាវ បាន “ជួបជុំគ្នា”នៅតាមខ្សែផ្លូវដែកដឹកជញ្ជូនទំនិញអន្តរជាតិតែមួយ។ ខ្សែផ្លូវរថភ្លើងដឹកជញ្ជូនទំនិញអន្តរជាតិរវាងចិន និងប្រទេសអាស៊ាន បានប្រែពីខ្សែនីមួយៗទៅជាបណ្តាញឡូជីស្ទីកយ៉ាងស្អិតល្មួត សម្រាប់ការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់។ តាម«របាយការណ៍ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាស៊ាន»ឆ្នាំ២០២៤ ដែលគណៈកម្មាធិការ កិច្ចសហប្រតិបតិ្តការឧស្សាហកម្ម RCEP ចេញផ្សាយបានឱ្យដឹងថា ការរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច ជាឧបករណ៍ជំរុញដ៏សំខាន់ នៃកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងអាស៊ាន។ តាមការស្ថិតិ នៅឆមាសទីមួយឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអាស៊ានគឺ ៣,៣៦ទ្រីលានប្រាក់យាន់ចិន បានកើនឡើង១០,៥ភាគរយ ត្រូវជា១៥,៩ភាគរយ នៃទំហំពាណិជ្ជកម្មសរុបជាមួយក្រៅប្រទេសរបស់ប្រទេសចិន។

មួយផ្នែក ផ្លូវល្បឿនលឿននិងផ្លូវដែកល្បឿនលឿនរវាងចិន និងប្រទេសអាស៊ានមានចំនួនកាន់តែច្រើនឡើងៗ ការតភ្ជាប់គ្នាខាងគមនាគមន៍ រវាងភាគីទាំងពីរមានកម្រិតកាន់តែខ្ពស់ ដែលបានផ្តលកម្លាំងចលករដល់ការប្រាស្រ័យទាក់ទង ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរ។ មួយផ្នែកទៀត ការជំរុញកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធគមនាគមន៍ ក៏ស៊ីសង្វាក់គ្នានឹងសំណូមពរអភិវឌ្ឍន៍ របស់ប្រទេសពាក់ព័ន្ធផងដែរ។

សូមយកប្រទេសកម្ពុជាជាឧទាហរណ៍ កិច្ចកសាងនិងដំណើរការហេដ្ឋារចនាសម័្ពន្ធធុនធំ បានផ្តល់កម្លាំងចលករយ៉ាងខ្លាំងដល់ ការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងទេសចរណ៍ជាដើមរបស់ប្រទេសកម្ពុជា។ កាលពីថ្ងៃទី ១ ខែ តុលា ឆ្នាំ២០២២ ក្នុងនាមជាគម្រោងសំខាន់ក្នុងការរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ ” ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលសាងសង់និងដំណើរការ ដោយក្រុមហ៊ុនចិន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ក្នុងអំឡុងពេលសាងសង់និងដំណើរការ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានផ្តល់ឱកាសការងាររាប់ម៉ឺននាក់ដល់តំបន់នេះ ដែលបានលើកកម្ពស់យ៉ាងច្បាស់ នូវសមត្ថភាពនៃបណ្តាញផ្លូវថ្នល់ក្នុងតំបន់ ហើយបានជំរុញប្រកបដោយប្រសិទ្ធភាព នូវការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច នៃប្រទេសកម្ពុជា។

កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលជាគម្រោងជានិមិត្តសញ្ញា ក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” រវាងចិននិងកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជា សមិទ្ធផលប្រវត្តិសាស្ត្រ ក្នុងវិស័យដឹកជញ្ជូនផ្លូវអាកាសរបស់កម្ពុជា ហើយក៏ជាសមិទ្ធផលដ៏ធំនិងសំខាន់នៃ “ចំណងមិត្តភាពបងប្អូនដែកថែប”រវាងកម្ពុជានិងចិនផងដែរ ប្រជាជនក្នុងតំបន់ពោរពេញដោយក្តីរំពឹងទុកយ៉ាងខ្លាំង ចំពោះការរួមចំណែករបស់ព្រលានយន្តហោះថ្មី ក្នុងការជំរុញការអភិវឌ្ឍទេសចរណ៍។

ផ្លូវដែកចិន-ឡាវ ផ្លូវដែកល្បឿនលឿនហ្សាកាតា-បាងឌុង ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមនិងគម្រោងផ្លូវដែកល្បឿនលឿនចិន-ថៃដែលកំពុងសាងសង់ ជាសមិទ្ធផលជាក់ស្តែង នៃការធ្វើទំនើបកម្មតាមបែបផែនចិន ដែលប្រទេសអាស៊ាននានា អាចមើលឃើញ បាននិងទទួលអារម្មណ៍បាន ។ ការធ្វើទំនើបកម្មតាមបែបផែនចិន បានបំបែកទស្សនៈខុសឆ្គងថា ការធ្វើទំនើបកម្មត្រូវធ្វើតាមតែ លោកខាងលិច វាបានបង្ហាញពីទិដ្ឋភាពថ្មីមួយទៀត នៃការធ្វើទំនើបកម្ម ដែលបានបំពេញបន្ថែមភាពប្រាកប្រជាដ៏មានតម្លៃ ដល់ពិភពលោកដែលមានបម្រែបម្រួល និងភាពរង្គោះរង្គើខ្លាំង ហើយបានបង្កើតជាកាលានុវត្តភាពអភិវឌ្ឍន៍ កាន់តែច្រើន ។ ក្នុងការកែទម្រង់និងបើកទូលាយ ការធ្វើទំនើបកម្មតាមបែបផែនចិននឹងត្រួសត្រាយអនាគត កាន់តែទូលំទូលាយ និងមានភាពកាន់តែភ្លឺស្វាង ដើម្បីនាំមកនូវកាលានុវត្តភាពថ្មីកាន់តែច្រើន ដល់បណ្តាប្រទេសនានាលើពិភពលោក ជាពិសេសគឺបណ្ដាប្រទេសអាស៊ានតែម្ដង៕

វិទ្យុមិត្តភាពកម្ពុជាចិន