(តូក្យូ)៖ ទីភ្នាក់ងាតាមដានគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍នេះ គ្រោះរញ្ជួយដីធំៗចំនួន២ផ្ទួនគ្នា បានវាយប្រហារក្បែរឆ្នេរសមុទ្រ ភាគខាងត្បូងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤។
USGS បានបន្តថា គ្រោះរញ្ជួយដីលើកទី១ កម្រិត៦.៩រ៉ិចទ័រ មានជម្រៅ៣៣គីឡូម៉ែត្រ ខណៈគ្រោះរញ្ជួយដីលើកទី២ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីគ្នា មានជម្រៅ២៥គីឡូម៉ែត្រ។ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន NHK បានរាយការណ៍ថា តំបន់ឆ្នេរសមុទ្រមួយចំនួន នៃកោះ Kyushu និង Shikoku អាចឬបានប្រឈមនឹងរលកស៊ូណាមិ កម្ពស់ប្រហែលត្រឹម១ម៉ែត្រ។ ដោយឡែក មិនទាន់មានសេចក្តីរាយការណ៍ណាមួយ ស្តីពីមនុស្សរងគ្រោះថ្នាក់ ឬការខូចខាតដែលបង្កឡើង ដោយគ្រោះរញ្ជួយដីទាំង២ នៅឡើយទេ។
គួរបញ្ជាក់ថា ជប៉ុនជាប្រទេសមានទីតាំងភូមិសាស្រ្តស្ថិតនៅលើតំបន់ ដែលងាយរងគ្រោះរញ្ជួយដីញឹកញាប់។ ទោះជាយ៉ាងនេះក្តី រញ្ជួយដីភាគច្រើន មានកម្រិតស្រាលទៅមធ្យមប៉ុណ្ណោះ ប៉ុន្តែទំហំនៃការបំផ្លិចបំផ្លាញ ដែលពួកវាអាចបង្កឡើង គឺអាស្រ័យទៅលើទីតាំងនិងជម្រៅ ដែលគ្រោះរញ្ជួយដីទាំងនោះ កើតឡើង។ នៅប្រទេសជប៉ុន ទោះគ្រោះរញ្ជួយដីកម្រិតធ្ងន់ក៏ដោយ ការខូចខាតជាទូទៅមានទំហំតូច ដោយសារតែបច្ចេកទេសសំណង់ពិសេស បូករួមគោលការណ៍សុវត្ថិភាពអគារតឹងរ៉ឹង នៅក្នុងប្រទេសប្រជុំកោះអាស៉ីបូព៌ាមួយនេះ។ យ៉ាងណាមិញ វានៅតែមិនអាចចៀសវាងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ រហូតទាំងស្រុងឡើយ។ តួយ៉ាង កាលពីពេលឆ្លងឆ្នាំសកលកន្លងទៅ មនុស្សយ៉ាងហោច២៦០នាក់ បានបាត់បង់ជីវិត ក្រោយមានការវាយប្រហារពីគ្រោះរញ្ជួយដីធំមួយ នៅជប៉ុន៕