(អូតាវ៉ា)៖ កាសែត Canadian Press រាយការណ៍ថា រដ្ឋាភិបាលកាណាដា បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួនសម្រេចចិត្តឱ្យនាំកុមារ និងអាណាព្យាបាលបុគ្គលិកទូតរបស់ខ្លួន ចាកចេញពីប្រទេសអ៉ីស្រាអែល ចំពេលមានការភ័យខ្លាចពី ជម្លោះកាន់តែទូលំទូលាយ នៅតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ ២០២៤។
ភាពតានតឹងរវាងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ និងជាមួយក្រុម Hezbollah បង្កឱ្យមានការភ័យខ្លាចថា ជម្លោះអាចរាលដាលក្នុងតំបន់ ដែលមានសង្រ្គាមមួយរួចទៅហើយគឺនៅហ្កាហ្សា។ ហានិភ័យនៃការទាញឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលក្នុងសង្រ្គាម ក៏កាន់តែកើនឡើងថែមទៀត បន្ទាប់ពីការសម្លាប់មេដឹកនាំនយោបាយរបស់ហាម៉ាស នៅក្នុងប្រទេសអ៉ីរ៉ង់ និងមេបញ្ជាការយោធារបស់ក្រុម Hezbollah Fuad Shukr ក្នុងទីក្រុងបេរូត ខណៈភាគីទាំងអស់សុទ្ធតែប្តេជ្ញាសងសឹកគ្នា។
នាយកដ្ឋានកិច្ចការបរទេស នៅក្នុងសេចក្តីថ្លែងការណ៍មួយដកស្រង់ដោយ Canadian Press បានលើកឡើងពី ការយល់ព្រមឱ្យកុមារ និងអាណាព្យាបាលរបស់បុគ្គលិកទូត ប្តូរទីលំនៅបណ្តោះអាសន្នទៅកាន់ប្រទេសទី៣ ដែលមានសុវត្ថិភាព ហើយថាបុគ្គលិកទូត ដែលប្រចាំនៅទីក្រុង Ramallah តំបន់ West Bank និងនៅក្នុងទីក្រុងបេរូត ប្រទេសលីបង់ មិនអាចឱ្យមានអ្នករស់នៅជាមួយបានទេ។ Canadian Press ក៏បានដកស្រង់ប្រភពពីរដ្ឋាភិបាលកាណាដា ដែលបញ្ជាក់ថា «ស្ថានទូតរបស់ខ្លួនក្នុងទីក្រុង Tel Aviv និងនៅទីក្រុងបេរូត ក៏ដូចជាការិយាល័យតំណាងរបស់អាជ្ញាធរប៉ាឡេស្ទីន នៅតំបន់ West Bank នៅតែដំណើរការធម្មតា ហើយបន្តផ្តល់សេវាកម្មសំខាន់ៗដល់ប្រជាជនកាណាដា»។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន កាណាដាបានចេញការព្រមានដល់ពលរដ្ឋរបស់ខ្លួន ចៀសវាងការធ្វើដំណើរទៅអ៉ីស្រាអែល ដោយលើកឡើងពីជម្លោះដែលកំពុងបន្ត និងស្ថានភាពសន្តិសុខមិនអាចទាយទុកមុនបាន ហើយទទូចឱ្យពលរដ្ឋ កុំធ្វើដំណើរទៅកាន់តំបន់ហ្កាហ្សា និង West Bank៕