(ម៉ិកស៉ីកូស៉ីធី)៖ ស្ថានទូតអ៊ុយក្រែនប្រចាំនៅប្រទេសម៉ិកស៉ិក កាលពីថ្ងៃពុធសប្តាហ៍នេះ បានស្នើឱ្យរដ្ឋាភិបាលម៉ិកស៉ិក ចាប់ខ្លួនលោក វ៉្លាឌីមៀ ពូទីន ប្រសិនបើប្រធានាធិបតីរុស្ស៉ីរូបនេះ ធ្វើដំណើរមកចូលរួមពិធីស្បថចូលកាន់តំណែង របស់ប្រធានាធីបតីជាប់ឆ្នោតម៉ិកស៉ិក លោកស្រី Claudia Sheinbaum តាមការអញ្ជើញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអ៊ុយក្រែន បាននិយាយដូច្នេះថា «យើងមានទំនុកចិត្តថា ទោះក្នុងករណីណាក៏ដោយ រដ្ឋាភិបាលម៉ិកស៉ិក នឹងគោរពតាមដីកាចាប់ខ្លួនអន្តរជាតិ ដោយប្រគល់ខ្លួនលោក ពូទីន ឱ្យទៅស្ថាប័នយុត្តិធម៌របស់អង្គការសហប្រជាជាតិ (UN) នៅឯទីក្រុងឡាអេនៃប្រទេសហូឡង់»។
កាលពីខែមីនា ឆ្នាំ២០២៣ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លោក ពូទីន ក្រោមការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាម ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ លោក Juan Ramon de la Fuente ដែលត្រូវគេរំពឹងថា នឹងក្លាយជារដ្ឋមន្រ្តីការបរទេសថ្មីរបស់ម៉ិកស៉ិក បាននិយាយថា វាគឺជាពិធីសារស្តង់ដា ក្នុងការអញ្ជើញមេដឹកនាំនៃបណ្តាប្រទេសនានា ដែលម៉ិកស៉ិកមានទំនាក់ទំនងការទូតជាមួយ ឱ្យមកចូលរួមពិធីស្បថចូលកាន់តំណែង ពោលគឺរួមបញ្ចូលទាំងរុស្ស៉ីនិងអ៊ុយក្រែន។
គួរបញ្ជាក់ថា លោកស្រី Sheinbaum នឹងក្លាយជាប្រធានាធិបតីស្រីដំបូងបង្អស់ របស់ប្រទេសម៉ិកស៉ិក ក្រោយទទួលជ័យជម្នះ ក្នុងការបោះឆ្នោតសកល កាលពីខែមិថុនាកន្លងទៅ។ លោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ស្ថិតក្នុងចំណោមមេដឹកនាំពិភពលោក ដែលបានចូលរួមផ្ញើសារអបអរសាទរ ជ័យជម្នះរបស់លោកស្រី។ ពិធីស្បថចូលកាន់តំណែងនោះ នឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែតុលា ខាងមុខ៕