(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) បាននាំគ្នាចេញសេចក្តីថ្លែងការណ៍ បង្ហាញក្តីបារម្ភ អំពីសាលក្រមរបស់តុលាការធម្មនុញ្ញនៃប្រទេសថៃ ដែលបានបង្គាប់ឱ្យរំលាយគណបក្សប្រឆាំង Move Forward ព្រមទាំងអំពីផលប៉ះពាល់របស់វា ចំពោះលទ្ធិប្រជាធិបតេយ្យ នៅប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នាថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤។
ក្រសួងការបរទេសអាមេរិក បាននិយាយថា ការសម្រេចចិត្តខាងលើ បង្កហានិភ័យចំពោះវឌ្ឍនភាពនៃលទ្ធិប្រជាធិបតេយ្យថៃ ហើយផ្ទុយពីក្តីសង្ឃឹមរបស់ប្រជាជនថៃ ដែលចង់បានអនាគតប្រជាធិបតេយ្យរឹងមាំមួយ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថា ក្នុងនាមជាសម្ព័ន្ធមិត្តជិតស្និទ្ធ ដែលមានទំនាក់ទំនងធន់រឹងមាំ និងស៉ីជម្រៅ អាមេរិកទទូចឱ្យថៃធ្វើសកម្មភាព ដែលនឹងធានាការចូលរួមនយោបាយ ប្រកបដោយបរិយាបន្នពេញលេញ ហើយការពារលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាសេរីភាពនៃការបង្កើតសមាគម និងការបញ្ចេញមតិ។
ចំណែក សហភាពអឺរ៉ុប ក៏បានចាត់ទុកសេចក្តីសម្រេច របស់តុលាការធម្មនុញ្ញថៃ ជាការបោះជំហានមួយថយក្រោយផងដែរ សម្រាប់ពហុនិយមនយោបាយ នៅក្នុងប្រទេសថៃ ហើយបានសង្កត់ធ្ងន់ថា ពុំមានប្រព័ន្ធប្រជាធិបតេយ្យណាមួយ អាចដំណើរការទៅបាន ដោយគ្មានពហុភាគនៃគណបក្ស និងបេក្ខជន នោះឡើយ។ យ៉ាងណាមិញ EU បានបន្ថែមថា ខ្លួនត្រៀមលក្ខណៈជាស្រេច ដើម្បីពង្រីកការធ្វើប្រាស្រ័យទាក់ទងជាមួយថៃ នៅក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការ ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ ដែលគ្របដណ្តប់លើបញ្ហាផ្សេងៗ រួមមានទាំងពហុនិយមនៃប្រជាធិបតេយ្យ សេរីភាពមូលដ្ឋាន និងសិទ្ធិមនុស្ស។
កាលពីថ្ងៃពុធសប្តាហ៍នេះ តុលាការធម្មនុញ្ញថៃ បានចេញសាលក្រមបង្គាប់ឱ្យរំលាយ គណបក្ស Move Forward និងដាក់បម្រាមលើថ្នាក់ដឹកនាំ១១នាក់ របស់គណបក្សនេះ មិនឱ្យធ្វើនយោបាយសម្រាប់រយៈពេល១០ឆ្នាំ។ ការសម្រេចបែបនោះ ធ្វើឡើងតាមសំណើរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ដែលបានស្នើជាផ្លូវការ កាលពីខែមីនាកន្លងទៅ ឱ្យរំលាយបក្ស Move Forward ក្រោមហេតុផលថា គោលនយោបាយកំណែទម្រង់របស់ក្សនេះ ធ្វើឱ្យប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ និងបង្កប់នូវកិច្ចប្រឹងប្រែងដើម្បី ប៉ុនប៉ងបំផ្លាញស្ថាប័នព្រះមហាក្សត្រ ដ៏មានឥទ្ធិពល នៅក្នុងប្រទេសអាស៊ានមួយនេះ។
គួរបញ្ជាក់ថា គណបក្ស Move Forward គឺជាបក្សដែលឈ្នះបានអាសនៈច្រើនជាងគេបង្អស់ ក្នុងការបោះឆ្នោតសកលថៃឆ្នាំ២០២៣ ប៉ុន្តែត្រូវបានរារាំងមិនឱ្យអាចបង្កើតរដ្ឋាភិបាលបាន ហើយក្រោយមក ក៏ក្លាយជាបក្សប្រឆាំង៕