(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីថ្ងៃពុធសប្តាហ៍នេះ បានព្រមានថា លោកមិនមានភាពជឿជាក់ទាល់តែសោះថា ការផ្ទេរអំណាចឱ្យទៅលោកស្រី Kamala Harris នឹងអាចប្រព្រឹត្តទៅដោយគ្មានភាពចម្រូងចម្រាស ប្រសិនបើលោក ដូណាល់ ត្រាំ ចាញ់ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នាខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤។
លោក បៃដិន វ័យ៨១ឆ្នាំ បានសម្រេចចិត្តបោះបង់ចោល ការបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់អាណត្តិទី២ ហើយត្រូវបានជំនួសដោយ អនុប្រធានាធិបតីរបស់លោកវិញ គឺលោកស្រី Harris ក្នុងនាមជាបេក្ខជនតំណាងបក្សប្រជាធិបតេយ្យ ដែលនឹងត្រូវទៅប្រកួតប្រជែងជាមួយ បេក្ខជនរបស់បក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោត នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក បៃដិន បាននិយាយថា ការណ៍ដែលលោក ត្រាំ បានបង្ហាញតំរុយអំពីការមិនទទួលស្គាល់ ភាពបរាជ័យក្នុងការបោះឆ្នោត គឺមិនគួរមើលស្រាលនោះទេ។
ក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក CBS ដែលនឹងត្រូវចាក់ផ្សាយពេញទាំងស្រុង នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ លោក បៃដិន ត្រូវបានគេសាកសួរថាតើ រូបលោកមានភាពជឿជាក់ដែរឬទេថា ការផ្ទេរអំណាចអាចនឹងប្រព្រឹត្តទៅដោយសុខសាន្ត នៅខែមករា ឆ្នាំ២០២៥។។ លោកប្រធានាធីបតីអាមេរិក បានឆ្លើយយ៉ាងដូច្នេះថា «ប្រសិនបើ លោក ត្រាំ ចាញ់ គឺខ្ញុំមិនមានភាពជឿជាក់សោះតែម្តង»។ លោក បៃដិន បានបន្ថែមថា លោក ត្រាំ ជាមនុស្សនិយាយម៉ាត់ណាម៉ាត់នោះ ប៉ុន្តែគ្រប់គ្នា ហាក់មើលស្រាលពាក្យសម្តី របស់លោក។
គួរបញ្ជាក់ថា កាលពីអំឡុងពេលនៅធ្វើយុទ្ធនាការឃោសនាបោះឆ្នោត លោក បៃដិន ធ្លាប់បានលើកឡើងជារឿយៗ អំពីការណ៍ដែលក្រុមអ្នកគាំទ្ររបស់លោក ត្រាំ បានសម្រុកចូលលុកលុយវិមានសភាអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ពោលគឺប្រមាណ២សប្តាហ៍ មុនការស្បថចូលកាន់តំណែងរបស់លោក បៃដិន បន្ទាប់ពីលោក បៃដិន បានផ្តួលលោក ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។ នាពេលនោះ លោក ត្រាំ បានអះអាងថា ការបោះឆ្នោតមិនមានភាពយុត្តិធម៌ឡើយ។ លោក បៃដិន ក៏បានចោទប្រកាន់ជាយូរមកហើយដែរថា លោក ត្រាំ គឺជាការគំរាមកំហែងចំពោះលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក។ លោក ដូណាល់ ត្រាំ ធ្លាប់កាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីចន្លោះឆ្នាំ២០១៧-២០២១៕