(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិក បានចេញមុខបង្ហាញការគាំទ្រដល់សម្ព័ន្ធមិត្តរបស់ខ្លួន គឺចក្រភពអង់គ្លេស ជុំវិញសកម្មភាពបង្រ្កាបរបស់ក្រុមប៉ូលិសអង់គ្លេស ទៅលើក្រុមកុបករស្តាំនិយមជ្រុល ដែលបានបង្កអំពើហិង្សា ការបំផ្លាញ និងភាពវឹកវរយ៉ាងខ្លាំងក្លា នៅក្នុងប្រទេសអឺរ៉ុបមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤។
លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក គាំទ្រសិទ្ធិសេរីភាព នៃការប្រមូលផ្តុំ ប៉ុន្តែមិនគាំទ្រដាច់ខាតចំពោះអំពើហិង្សា និងកុបកម្ម។ លោក Miller បានបន្ថែមថា រដ្ឋាភិបាលចក្រភពអង់គ្លេស មានសិទ្ធិត្រឹមត្រូវ ក្នុងការប្រើប្រាស់ អាជ្ញាធរអនុវត្តច្បាប់ទាំងអស់របស់ខ្លួន ដើម្បីបង្រ្កាបជនទាំងឡាយ ដែលចូលរួមក្នុងសកម្មភាពហិង្សា និងបង្កចលាចល។
អំពើហិង្សារបស់ក្រុមស្តាំនិយមជ្រុលនេះ បានផ្ទុះឡើងបន្ទាប់ពីក្មេង២៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកាំបិត នៅទីក្រុង Southport ភាគពាយព្យប្រទេសអង់គ្លេស។ ព័ត៌មានក្លែងក្លាយ ដែលត្រូវបានចែកចាយតាមប្រព័ន្ធអនឡាញ បានអះអាងថា ជនសង្ស័យជាឃាតក ដែលត្រូវបានចាប់ខ្លួន គឺជាជនជាតិមូស្លីម និងជាជនអន្តោប្រវេសន៍ ដែលទើបមកដល់អង់គ្លេស បើទោះបីជាប៉ូលិសបញ្ជាក់ថា ជារឿងមិនពិតក៏ដោយ។
គួរបញ្ជាក់ថា មនុស្សសរុបប្រមាណ៤០០នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធសកម្មភាពកុបកម្មខាងលើ ដែលបានផ្ទុះឡើងជាច្រើនថ្ងៃមកហើយ តាំងពីដើមសប្តាហ៍មុន ហើយយ៉ាងហោច៣នាក់ ត្រូវបានកាត់ទោសដាក់ពន្ធនាគារចន្លោះពី២០ខែ ដល់៣ឆ្នាំ។ លោក Keir Starmer នាយករដ្ឋមន្រ្តីអង់គ្លេស បានព្រមានថា ក្រុមកុបករនឹងត្រូវប្រឈមមុខ នឹងការកាត់ទោសតាមផ្លូវច្បាប់ ប្រសិនបើនៅតែបន្តបង្កភាពវឹកវរ។ ជាមួយគ្នានោះ អាជ្ញាធរអង់គ្លេស ក៏បានសន្យាដែរថា នឹងមិនត្រឹមតាមប្រមាញ់ក្រុមកុបករប៉ុណ្ណោះទេ តែពួកគេក៏នឹងបង្ក្រាប អ្នកដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដើម្បីសាបព្រោះព័ត៌មានក្លែងក្លាយ បង្កឱ្យមានចលាចល ផងដែរ៕