(ហ្ស៊េរុយសាឡិម)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រមុខកងទ័ពអ៉ីស្រាអែល បានប្តេជ្ញាថា នឹងតាមប្រមាញ់ហើយកម្ចាត់ លោក Yahya Sinwar បន្ទាប់ពីរូបលោកត្រូវបានតែងតាំងជា មេដឹកនាំថ្មីរបស់ក្រុមហាម៉ាសប៉ាឡេស្ទីន ក្រោយការធ្វើឃាតមេដឹកនាំមុន គឺលោក Ismail Haniyeh នៅប្រទេសអ៉ីរ៉ង់ កាលពីសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៤។
អ្នកនាំពាក្យរបស់លោក Herzi Halevi ដែលជាប្រមុខយោធាអ៉ីស្រាអែល បានឱ្យដឹងថា លោក Halevi បានប្រាប់កងទ័ពដូច្នេះថា «យើងនឹងខិតខំប្រឹងប្រែងស្វែងរកលោក Yahya Sinwar រួចវាយប្រហារលើរូបលោក ហើយនឹងធ្វើឱ្យក្រុមហាម៉ាស ត្រូវផ្លាស់ប្តូរមេដឹកនាំនយោបាយរបស់ពួកគេ ជាថ្មីម្តងទៀត។ លោក Halevi បានបន្តថា «ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ យើងបានធ្វើប្រតិបត្តិការសំខាន់ៗបំផុត ដោយយើងបានសម្លាប់បណ្តាមេដឹកនាំជាន់ខ្ពស់ នៃសត្រូវដ៏គ្រោះថ្នាក់របស់យើង ហើយពួកយើងនឹងមិនទាន់ឈប់ឡើយ»។ រីឯកាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល លោក Israel Katz ក៏បានអំពាវនាវឱ្យកម្ចាត់លោក Sinwar ជាបន្ទាន់ ផងដែរ។
ការប្រកាសពីការតែងតាំងលោក Yahya Sinwar កើតមានឡើង ចំពេលតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ខណៈអ៉ីរ៉ង់និងសម្ព័ន្ធមិត្តរបស់ខ្លួន បានសន្យាសងសឹកអ៉ីស្រាអែល ជុំវិញការសម្លាប់លោក Haniyeh។ អ៉ីរ៉ង់ និងហាម៉ាសបានចោទប្រកាន់ថា អ៉ីស្រាអែលជាអ្នកសម្លាប់លោក Haniyeh រីឯក្រុមហេសបូឡាវិញក៏បាន ប្ដេជ្ញាសងសឹកដែរ បន្ទាប់ពីអ៉ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ខ្លួន គឺលោក Fuad Shukr នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយលើទីក្រុងបេរូត ប្រទេសលីបង់ កាលពីសប្ដាហ៍មុន។
គួរបញ្ជាក់ថា លោក Yahya Sinwar ត្រូវបានអ៉ីស្រាអែលចោទថា ជាមេគំនិតនៅពីក្រោយការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន លើភាគខាងត្បូងអ៉ីស្រាអែល ជាព្រឹត្តិការណ៍ ដែលបង្កឱ្យផ្ទុះសង្រ្គាម នៅដែនដីប៉ាឡេស្ទីន Gaza Strip មកទល់បច្ចុប្បន្ននេះ។ លោក Sinwar បានក្លាយជាមេដឹកនាំក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ២០១៧មក ហើយបន្ទាប់ពីការវាយប្រហារលើអ៉ីស្រាអែល លោកមិនដែលបង្ហាញខ្លួននោះទេ៕