(ឡុងដ៏)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ចក្រភពអង់គ្លេស និងអេហ្ស៉ីប បានស្នើដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ចៀសវាងធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ ក៏ដូចជាលីបង់ ចំពោះមុខហានិភ័យនៃភាពតានតឹងកាន់តែទូលំទូលាយ ដោយសារតែជម្លោះក្នុងតំបន់ បន្ទាប់ពីការសម្លាប់សមាជិកជាន់ខ្ពស់នៃក្រុមហាម៉ាស និងក្រុម Hezbollah។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ ២០២៤។
សេចក្តីណែនាំរបស់ចក្រភពអង់គ្លេស ដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ឱ្យចៀសវាងធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ និងលីបង់ នាពេលនេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអេហ្ស៉ីបក៏បានណែនាំដល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់របស់ខ្លួន កុំធ្វើដំណើរកាត់ដែនអាកាសអ៉ីរ៉ង់ រយៈពេល ៣ម៉ោងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ តាមទិន្នន័យពីគេហទំព័រតាមដានការហោះហើរ Flightradar24 ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស មិនបានបើកការហោះហើរទៅកាន់ប្រទេសលីបង់ទេ ក្នុងពេលបច្ចុប្បន្ននេះ។
OPSGROUP ដែលជាសមាគមចែករំលែកព័ត៌មានហានិភ័យនៃការហោះហើរ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍អេហ្ស៉ីប ក៏កំពុងចៀសវាងធ្វើដំណើរកាត់ដែនអាកាសរបស់អ៉ីរ៉ង់ដែរ តាមសេចក្តីណែនាំដែលតម្រូវឱ្យអនុវត្ត ចំពោះក្រុមហ៊ុនដឹកជញ្ជូនអេហ្ស៉ីបទាំងអស់ រួមទាំងយន្តហោះឯកជន និងក្រុមហ៊ុនអាកាសចរណ៍តូចៗ។ សេចក្តីណែនាំបានចូលជាធរមាន ចាប់ពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។ បើតាមក្រសួងអាកាសចរណ៍ស៉ីវិលអេហ្ស៉ីប ការណែនាំមានបំណងកាត់បន្ថយហានិភ័យផ្នែកសុវត្ថិភាពនៃការហោះហើរ ដោយសារតែអាជ្ញាធរអ៉ីរ៉ង់ថា នឹងមានការធ្វើសមយុទ្ធយោធាលើដែនអាកាសរបស់ខ្លួន នៅវេលាម៉ោង ៧ និង ៣០នាទីព្រឹកថ្ងៃទី៨ ខែសីហា (ម៉ោងក្នុងទីក្រុងតេហេរ៉ង់)។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅទូទាំងពិភពលោក កំពុងកែប្រែកាលវិភាគរបស់ពួកគេ ដើម្បីចៀសវាងដែនអាកាសអ៉ីរ៉ង់ និងលីបង់ ខណៈក្រុមហ៊ុនខ្លះក៏បានផ្អាកជើងហោះហើរទៅអ៉ីស្រាអែល និងលីបង់ផងដែរ៕