(ដាកា)៖ ព្រឹត្តិការណ៍ចលាចលនយោបាយមួយក្នុងប្រទេសបង់ក្លាដែស បាននាំឱ្យលោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលកាន់អំណាចរយៈពេលប្រមាណ២ទសវត្សរ៍ ត្រូវបង្ខំចិត្តលាលែងចេញពីតំណែង និងថែមទាំងភៀសខ្លួនចេញពីប្រទេសទៀត។

* តើមានព្រឹត្តិការណ៍នយោបាយអ្វីដែលកើតឡើងក្នុងប្រទេសបង់ក្លាដែស?

នាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina បានលាលែងពីតំណែងហើយ បន្ទាប់ពីមានអំពើហិង្សាតវ៉ាច្រើនសប្តាហ៍ ដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសដោយសារការប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលរបស់លោកស្រី។ ការលាលែងតំណែងជាមួយនឹងការរត់គេចខ្លួនចេញពីប្រទេសថែមទៀតនេះ គឺជាការបញ្ចប់ជីវិតធ្វើនយោបាយរបស់លោកស្រីក្នុងរយៈពេលជាង២ទសវត្សរ៍នៅក្នុងប្រទេសបង់ក្លាដែសនេះ។

លោកស្រី Hasina អាយុ៧៦ឆ្នាំ ត្រូវគេរាយការណ៍ថា បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទទី៥​ ខែសីហា ឆ្នាំ២០២៤ និងបម្រុងបន្តដំណើរទៅកាន់ក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។ ហ្វូងមនុស្សបង្ហាញក្តីរីករាយ ត្រូវគេឃើញបានដើរតាមដងផ្លូវសម្តែងក្តីសប្បាយរីករាយចំពោះដំណឹងរត់ភៀសខ្លួននេះ និងពួកគេខ្លះថែមទាំងបាននាំគ្នាសម្រុកចូលទៅក្នុងគេហដ្ឋានដ៏ស្តុកស្តម្ភរបស់លោកស្រីនាយករដ្ឋមន្ត្រី ជាមួយនឹងរបាយការណ៍ដែលនិយាយអំពីការលួចយកវត្ថុនិងសម្ភារៈនានានៅក្នុងគេហដ្ឋាននោះថែមទៀត។

រដ្ឋាភិបាលថ្មីបណ្តោះអាសន្នត្រៀមនឹងបង្កើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីមានការលាលែងចេញពីតំណែងរបស់លោកស្រី Hasina។ លោកប្រធានាធិបតី Mohammed Shahabuddin បានបញ្ជាឱ្យដោះលែងអតីតនាយករដ្ឋមន្ត្រី Khaleda Zia ដែលស្ថិតក្នុងពន្ធនាគារ និងនិស្សិតទាំងអស់ដែលត្រូវបានឃុំខ្លួនក្នុងអំឡុងពេលតវ៉ា នាពេលថ្មីៗកន្លងមក ប្រឆាំងនឹងប្រព័ន្ធកូតាសម្រាប់ការងាររបស់រដ្ឋាភិបាល Quota System for Government jobs។

លោកប្រធានាធិបតី Shahabuddin បាននិយាយថា លោកនៅបានចាត់ចែងលើការងារជួបប្រជុំរបស់បណ្តាមេពទាំងឡាយ រួមនឹងការជួបប្រជុំអ្នកតំណាងនយោបាយបង់ក្លាដែសទាំងអស់ផងដែរ។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលបណ្ដោះអាសន្នមួយនឹងត្រូវបានបង្កើតឡើង ការបោះឆ្នោតថ្មីនឹងត្រូវរៀបចំធ្វើថ្មី និងបំរាមគោចរថ្នាក់ជាតិនឹងត្រូវដកចេញទៅវិញផងដែរ។​ កាលពីថ្ងៃចន្ទ ទី៥ ខែសីហា នៅក្នុងរដ្ឋធានី Dhaka, អគារធ្វើការរបស់ប៉ូលីស និងបណ្តាអគារធ្វើការរបស់រដ្ឋាភិបាល ត្រូវបានគេចូលទៅវាយកម្ទេចនិងបានដុតបំផ្លាញ។

បាតុករបានប៉ុនប៉ងកម្ទេចរូបសំណាកមេដឹកនាំឯករាជ្យ លោក Sheikh Mujibur Rahman ដែលជាឪពុករបស់លោកស្រី Hasina ថែមទៀត។ អង្គភាពកងទ័ព និងប៉ូលីស ត្រូវបានដាក់ពង្រាយពាសពេញក្នុងទីក្រុង Dhaka។

សេវាទូរស័ព្ទចល័តត្រូវគេរាយការណ៍នូវការរងកាត់ផ្តាច់អស់រយៈពេលជាច្រើនម៉ោង មុនពេលដែលត្រូវបានស្តារឱ្យដំណើរការឡើងវិញ។

កាលពីថ្ងៃចន្ទ បាតុករត្រូវគេឃើញបាននាំគ្នាលួចយកគ្រឿងសង្ហារិមនានាចេញពីគេហដ្ឋានរបស់លោកស្រីនាយករដ្ឋមន្ត្រី។ មនុស្សរាប់សិបនាក់ត្រូវបានគេរាយការណ៍អំពីការរងការកាប់សម្លាប់ក្នុងអំពើប៉ះទង្គិចគ្នារវាងប៉ូលីស និងក្រុមបាតុករ កាលពីថ្ងៃអាទិត្យ បើទោះបីជាចំនួនអ្នកស្លាប់មិនទាន់ បានបញ្ជាក់ច្បាស់លាស់ជាផ្លូវការយ៉ាងណាក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនដល់៦៦នាក់ ខណៈសារព័ត៌មានក្នុងស្រុក Dhaka Tribune បាននិយាយថា មានមនុស្សស្លាប់ច្រើនដល់ទៅ១៣៥នាក់។

ការចាកចេញរបស់លោកស្រី Hasina ត្រូវគេនិយាយថា បានបន្សល់ទុកចន្លោះប្រហោងក្នុងនយោបាយបង់ក្លាដែស ដែលមានគណបក្ស២បានប្រកួតប្រជែងគ្នា នោះគឺរវាងគណបក្ស Awami League របស់លោកស្រី និងគណបក្សជាតិនិយមបង់ក្លាដែស។ ប្រទេសបង់ក្លាដែសនេះ ធ្លាប់មានរដ្ឋប្រហារយោធាជាច្រើនលើករួចមកហើយ ដែលរដ្ឋប្រហារថ្មីបំផុតបានកើតឡើងក្នុងឆ្នាំ២០០៧។ សហរដ្ឋអាមេរិកបានសរសើរចំពោះ «ភាពអត់ធ្មត់» របស់កងទ័ព និងបានស្នើឱ្យមានការបង្កើតឡើងនូវរដ្ឋាភិបាលបណ្តោះអាសន្នមួយ។ ចំណែកសហភាពអឺរ៉ុបបានជំរុញឱ្យមាន «ការផ្លាស់ប្តូរប្រកបដោយសណ្តាប់ធ្នាប់និងសន្តិភាព» ឆ្ពោះទៅរករដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ។
មិនមានប្រតិកម្មជាផ្លូវការពីប្រទេសឥណ្ឌាដែលជាប្រទេសជាប់ជិតខាងនឹងប្រទេសបង់ក្លាដែសនេះឡើយ។

* ហេតុអ្វីបាននាំឱ្យមានអំពើហិង្សាកើតឡើង និងបង្កការទម្លាក់លោកស្រី Hasina ចេញពីអំណាច?

សេដ្ឋវិទូជាន់ខ្ពស់ លោក Debapriya Bhattacharya នៃមជ្ឈមណ្ឌលសម្រាប់កិច្ចសន្ទនាគោលនយោបាយនៃទីក្រុង Dhaka បានថ្លែងថាខណៈពេលដែលការលាលែងពីតំណែងត្រូវបានជួបជាមួយនឹង «ភាពរីករាយ» នៅតាមដងផ្លូវនោះ, ការវាយប្រហារដាក់លើជនជាតិភាគតិចហិណ្ឌូបានកើនឡើង ដែលបង្កឱ្យមានបញ្ហាប្រឈមភ្លាមៗចំពោះអាជ្ញាធរថ្មី។

លោកបានថ្លែងថា​ មានអារម្មណ៍មួយដែលថាប្រទេសឥណ្ឌាបានគាំទ្ររដ្ឋាភិបាលរបស់លោកស្រី Sheikh Hasina។ បាតុករត្រូវគេរាយការណ៍ថា មិនអាចបែងចែកបានឡើយ ថាតើអ្នកណាពលរដ្ឋឥណ្ឌានិងអ្នកណាជាពលរដ្ឋហិណ្ឌូនៃប្រទេសបង់ក្លាដែសឡើយ ពាក់ព័ន្ធនឹងអំពើវាយប្រហារហិង្សាទៅលើទីវត្តអារាមនិងប្រជាជននៅទីនោះ។
សេដ្ឋវិទូជាន់ខ្ពស់ក្នុងប្រទេសបង់ក្លាដែសរូបនេះបានបន្តថា «ឥឡូវនេះមានការខ្វះការគ្រប់គ្រងអំណាច, គ្មានអ្នកណាអនុវត្តច្បាប់និងសណ្តាប់ធ្នាប់ឡើយ»។ លោកបន្ថែមថា «រដ្ឋាភិបាលថ្មីនឹងត្រូវការពារជនជាតិភាគតិច និងសាសនារបស់ពួកគេ»។ ក្រុមសម្ព័ន្ធមិត្តរបស់លោកស្រី Hasina បាននិយាយថា រូបលោកស្រីនឹងមិនវិលមកកាន់នយោបាយប្រទេសវិញទេ។ លោកស្រី Hasina បានចំណាយពេលសរុបប្រមាណ២០ឆ្នាំក្នុងការកាន់អំណាច។ ការកាន់អំណាចលើកដំបូងរបស់ លោកស្រីមានតាំងពីឆ្នាំ១៩៩៦។

កូនប្រុសរបស់លោកស្រីឈ្មោះ Sajeeb Wazed Joy បានប្រាប់កម្មវិធី Newshour របស់ BBC ថា លោកស្រីជាម្តាយដែលមានអាយុ៧៦ឆ្នាំនេះ មានការខកចិត្តយ៉ាងខ្លាំងដែលបន្ទាប់ពីបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនោះមក, ស្រាប់តែមានជនជាតិភាគតិចក្រោកឡើងប្រឆាំង។ Sajeeb Wazed Joy និយាយថា «ខ្ញុំគិតថាគាត់បានឆ្អែតចិត្តចំពោះរឿងនេះហើយ»។ លោកបានថ្លែបន្តថា «គ្រួសារខ្ញុំ និងរួបខ្ញុំក៏បានឆ្អែតចិត្តដែរ»

ក្រុមអ្នករិះគន់និយាយថា ការគ្រប់គ្រងរបស់លោកស្រី Hasina ត្រូវបានគេកត់សម្គាល់ថមានករណីមនុស្សបាត់ខ្លួនដោយបង្ខំ, ការសម្លាប់ក្រៅប្រព័ន្ធតុលាការ និងការកំទេចឥស្សរជនរបស់គណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល។

ប៉ុន្តែលោក Wazed ដែលត្រូវជាកូនប្រុសនិងធ្លាប់ជាទីប្រឹក្សាឱ្យអតីតនាយករដ្ឋមន្ត្រីផ្នែកបច្ចេកវិទ្យាបាននិយាយការ ពារលើទង្វើនិងសកម្មភាពនានារបស់លោកស្រី Hasina។ លោកបានថ្លែងថា លោកស្រី Hasina បានកែមុខមាត់ «ប្រទេសបង់ក្លាដេក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ»។ លោកបានថ្លែងបន្តថា «នៅពេលដែលលោកស្រី បានឡើងកាន់អំណាច ប្រទេសបង់ក្លាដេស្ហ ត្រូវបានចាត់ទុកថាជារដ្ឋដ៏បរាជ័យមួយ…វាជាប្រទេសដ៏ក្រីក្រ»។​ ប៉ុន្តែ «រហូតមកដល់សព្វថ្ងៃនេះ បង់ក្លាដេស្ហត្រូវបានគេចាត់ទុកថាជាសត្វខ្លាមួយដែលកំពុងងើបឡើងរបស់អាស៊ី»។ មនុស្សប្រមាណ៣០០នាក់ ត្រូវបានគេសម្លាប់ចាប់តាំងពីការតវ៉ាបានផ្ទុះឡើងកាលពីមួយខែមុនលើប្រព័ន្ធកូតាសម្រាប់ការងាររបស់រដ្ឋាភិបាល។​ បាតុកម្មបានជួបនឹងការគាបសង្កត់យ៉ាងតឹងរ៉ឹងវិញដោយកងកម្លាំងរដ្ឋាភិបាលនោះ បានវិវត្តទៅជាចលនាប្រឆាំងកាន់តែធំទៅៗជាលំដាប់។

បណ្ឌិត Chietigj Bajpaee ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រុមThink Tank របស់ Chatham House ក្នុងប្រទេសអង់គ្លេស បាននិយាយថាអត្រាអ្នកអត់ការងារធ្វើដ៏ខ្ពស់របស់ប្រទេស បានធ្វើឱ្យមានបញ្ហាកូតាដែលបានបម្រុងទុកមួយភាគបី នៃការងារស៊ីវិលសម្រាប់កូនចៅអតីតយុទ្ធជននៃសង្គ្រាមឯករាជ្យឆ្នាំ១៩៧១ ជាមួយប្រទេសប៉ាគីស្ថាន ដែលវាជារឿងនយោបាយនិងដ៏សំខាន់ជាពិសេសបំផុត។

បណ្ឌិត Bajpaee បាននិយាយថា «កូតាការងារក្នុងវិស័យសាធារណៈ ដែលមាននិស្សិតបញ្ចប់ការសិក្សាថ្មីចំនួន៤០០,០០០នាក់ ប្រកួតប្រជែងគ្នាសម្រាប់ការងារមន្ត្រីរាជការចំនួន៣,០០០នាក់នោះ បានក្លាយជាវត្ថុស្រូបទាញមួយបង្កឱ្យភាពចលាចលប្រឆាំងរដ្ឋាភិបាល»

លោកបានបន្ថែមថា សន្ទុះល្បឿននៃព្រឹត្តិការណ៍បានឆ្លុះបញ្ចាំងពីការខកចិត្តក្នុងចំណោមយុវជនបង់ក្លាដែសចំពោះ «ការគ្រប់គ្រងដោយបក្សតែមួយ» របស់ប្រទេសក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។

លោកបានថ្លែងថា​ «នៅក្នុងប្រទេសដែលមានសង្គមស៊ីវិលរស់រវើក, កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សេរីភាពនយោបាយនិងការបញ្ចេញមតិដោយសេរី ប្រៀបដូចជាការចងភ្ជាប់ឱ្យមានព្រឹត្តិការណ៍ការវាយប្រហារមួយជះត្រឡប់ តបមកវិញ»។

កូតាភាគច្រើនត្រូវបានកាត់បន្ថយដោយរដ្ឋាភិបាលបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលកាលពីខែមុន ប៉ុន្តែនិស្សិតនៅតែបន្តតវ៉ាទាមទារយុត្តិធម៌សម្រាប់អ្នកស្លាប់ និងរបួសហើយទីបំផុតបាននាំឱ្យលោកស្រី Hasina ត្រូវតែលាលែងចេញពីតំណែង។

លោក Bhattacharya បាននិយាយថាក្រុមអ្នកតវ៉ាឥឡូវនេះរំពឹងថារដ្ឋាភិបាលថ្មីនឹងឆ្លងកាត់ការទាមទាររបស់ពួកគេ រួមទាំងកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ ការងារកាន់តែប្រសើរ និងការកែលម្អប្រព័ន្ធអប់រំ៕