(ឡុងដ៍)៖ រដ្ឋាភិបាលអង់គ្លេស បានរិះគន់លោក Elon Musk បន្ទាប់ពីមហាសេដ្ឋីអាមេរិករូបនេះបង្ហោះសារដ៏ចម្រូងចម្រាសលើបណ្ដាញទំនាក់ទំនងសង្គម X របស់លោកថា «សង្រ្គាមស៊ីវិលគឺជារឿងចៀសមិនរួច» នៅក្នុងចក្រភពអង់គ្លេសដែលកំពុងប្រឈមមុខនឹងកុបកម្មដ៏ហិង្សារបស់ក្រុមស្ដាំនិយមជ្រុល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការបង្ហោះសាររបស់លោក Elon Musk ដែលថា «សង្រ្គាមស៊ីវិលនៅក្នុងចក្រភពអង់គ្លេសជារឿងចៀសមិនរួច» កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ធ្វើឡើងចំពេលដែលរដ្ឋាភិបាលអង់គ្លេស បានអំពាវនាវឱ្យលោកថៅកែក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម X រូបនេះធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ បន្ទាប់ពីមហាសេដ្ឋីរូបនេះប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម បង្ហោះសារជាច្រើនដែលក្រុមមន្ត្រីអង់គ្លេសចាត់ទុកថាអាចដុតបញ្ឆេះអំពើហិង្សា និងភាពចលាចលនៅក្នុងចក្រភពអង់គ្លេស។
ជាការឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក Elon Musk រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អង់គ្លេស លោកស្រី Heidi Alexander បាននិយាយថា «ការប្រើប្រាស់ភាសាដូចជាពាក្យ សង្រ្គាមស៊ីវិល គឺជារឿងមិនអាចទទួលយកបាន។ លោកស្រីបន្ថែមថា «យើងកំពុងមើលឃើញក្រុមមន្ត្រីប៉ូលិសរងរបួសធ្ងន់ធ្ងរ រីឯអគារខ្លះត្រូវបានដុតបំផ្លាញ ដូច្នេះហើយខ្ញុំយល់ថា អ្នកគ្រប់គ្នាដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម គួរតែប្រើប្រាស់វាប្រកបដោយការទទួលខុសត្រូវ»។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេស បានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សាតាំងតែពីដើមសប្ដាហ៍មុនមកម្ល៉េះ បន្ទាប់ពីក្មេងស្រី៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយ កំាបិតក្នុងទីក្រុង Southport ស្ថិតនៅភាគពាយព្យប្រទេសអង់គ្លេស។ ភាពចលាចលនេះដែរកើតឡើងដោយសារតែព័ត៌មានក្លែងក្លាយនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលបាន អះអាងថាជនសង្ស័យជាឃាតក គឺជាជនអន្តោប្រវេសន៍មូស្លីម ទោះបីជាប៉ូលិសបញ្ជាក់ថាជារឿងមិនពិតក៏ដោយ៕