(ឡុងដ៍)៖ ប៉ូលិស និងក្រុមបាតុករប្រឆាំងការរើសអើងពូជសាសន៍ បានប្រមូលផ្ដុំគ្នាតាមដងផ្លូវ នៅទូទាំងចក្រភពអង់គ្លេស កាលពីថ្ងៃពុធ ទី៧ ខែសីហា ដើម្បីតតាំងជាមួយ ក្រុមស្ដាំនិយមជ្រុល ដែលត្រូវបានចោទប្រកាន់ថាជាអ្នកនៅពីក្រោយកុបកម្មដ៏ហិង្សារើសអើងប្រឆាំងជនមូស្លីម និងជនអន្តោប្រវេសន៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
ចក្រភពអងគ្លេស បានធ្លាក់ចូលក្នុងភាពចលាចល និងអំពើហិង្សាតាំងតែពីដើមសប្ដាហ៍មុនមកម្ល៉េះ បន្ទាប់ពីក្មេងស្រី៣នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកំាបិតក្នុងទីក្រុង Southport ស្ថិតនៅភាគពាយព្យប្រទេសអង់គ្លេស។ ភាពចលាចលនេះដែរកើតឡើងដោយសារតែព័ត៌មានក្លែងក្លាយនៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលបានអះអាងថា ជនសង្ស័យជាឃាតក គឺជាជនអន្តោប្រវេសន៍មូស្លីម ទោះបីជាប៉ូលិសបញ្ជាក់ថាជារឿងមិនពិតក៏ដោយ។
នៅមុនការត្រៀមលក្ខណៈរបស់ប៉ូលិស និងការប្រមូលផ្ដុំគ្នារបស់ក្រុមបាតុករប្រឆាំងនឹងការរើសអើងពូជសាសន៍ មានការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមជាច្រើនថា ក្រុមស្ដាំនិយមជ្រុល និងក្រុមបាតុករប្រឆាំងមូស្លីម មានគោលដៅវាយប្រហារលើទីតាំងដែលជនអន្តោប្រវេសន៍ស្នាក់នៅ ឬអង្គការ រួមទាំងស្ថាប័នស៊ីវិលដែលគាំទ្រជនអន្តោប្រវេសន៍ កាលពីថ្ងៃពុធ (ម៉ោងនៅអង់គ្លេស) ជាហេតុបង្ខំឱ្យហាងទំនិញជាច្រើនបិទទ្វារ។ មិនតែប៉ុណ្ណោះ បានជំរុញរដ្ឋាភិបាលអង់គ្លេសដាក់ពង្រាយប៉ូលិសរាប់ពាន់នាក់ រីឯក្រុមបាតុករ ប្រឆាំងការរើសអើងពូជសាសន៍ បានប្រមូលផ្ដុំគ្នានៅតាមទីក្រុងជាច្រើន រួមមានទីក្រុង London, Bristol, Birmingham, Liverpool និងទីក្រុង Hastings ជាដើម។ ក្រុមបាតុករ ទាំងនេះបានកាន់បដារដោយសរសេរថា «ប្រយុទ្ធប្រឆាំងការរើសអើងពូជសាសន៍ បញ្ឈប់ក្រុមស្ដាំនិយមជ្រុល»។
ប៉ុន្តែ គិតត្រឹមម៉ោង៩យប់ (ម៉ោងនៅអង់គ្លេស) មិនមានសេចក្ដីរាយការណ៍ពីភាពចលាចលធ្ងន់ធ្ងរណាមួយនោះទេ។ ប៉ូលិសបាននិយាយថាមនុស្ស៥០នាក់ ប៉ុណ្ណោះ នៅក្នុងទីក្រុង Croydon ស្ថិតនៅភាគខាងត្បូងទីក្រុង London បានគប់គ្រវែងដបចោលពាសពេញផ្លូវ និងព្យាយាមព្យាយាមបង្កការរំខាន។
គួរបញ្ជាក់ថា ប្រឈមមុខនឹងភាពចលាចល នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានព្រមានថាក្រុមកុបករនឹងត្រូវប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់ ប្រសិនបើ មិនព្រមបញ្ឈប់ការសាបព្រោះអំពើហិង្សា ចែកចាយព័ត៌មានមិនពិត និងបង្កចលាចលទេនោះ។ កុបកម្មនេះគឺជាវិបត្តិដ៏ធំមួយដែលលោក Starmer កំពុងប្រឈម ចាប់តាំងពីលោក បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៤ ខែកក្កដាមក៕