(ឡុងដ៍)៖ បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទបង្កចលាចល អំឡុងកុបកម្មប្រឆាំងជនមូស្លីម (អ្នកកាន់សាសនា អ៉ីស្លាម» កាលពីសប្តាហ៍មុន ហើយដែលនេះជាការកាត់ទោសដំបូងបំផុតមួយ ចាប់តាំងពីមានរលកនៃអំពើហិង្សា បន្ទាប់ពីក្មេងស្រី៣នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយកាំបិតនៅទីក្រុង Southport ភាគពាយព្យប្រទេសអង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Derek Drummond អាយុ ៥៨ឆ្នាំ ត្រូវបានកាត់ទោសនៅតុលាការ Liverpool Crown Court កាលពីថ្ងៃពុធ ទី៧ ខែសីហា បន្ទាប់ពីបានសារភាពថារូបគេពិតជា បានប្រើហិង្សាលើប៉ូលិស និងបង្កចលាចល។ ជុំវិញកុបកម្មនេះនៅអង់គ្លេសផងដែរ បុរស២នាក់ទៀតក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធគារផងដែរ ពីបទបង្ក ចលាចល និងអំពើហិង្សា ក្នុងទីក្រុង Liverpool កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ បុរសទាំង២នាក់នេះម្នាក់មានឈ្មោះថា លោក Declan Geiran អាយុ ២៩ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ ពន្ធនាគារសរុប ៣០ខែ ខណៈម្នាក់ទៀតឈ្មោះ Liam Riley អាយុ៤១ឆ្នាំ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ។
គួរបញ្ជាក់ថា កុបកម្មនៅអង់គ្លេស បានផ្ទុះឡើងតាំងតែពីសប្តាហ៍មុនមកម្ល៉េះ ក្រោយក្មេងស្រី៣នាក់ ត្រូវបានចាក់សម្លាប់ដោយបុរសម្នាក់អាយុ ១៧ឆ្នាំម្នាក់ និងជាច្រើន ទៀតបានរងរបួស។ ជនសង្ស័យរូបនេះត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត និងប៉ុនប៉ងមនុស្សឃាត។ ប៉ុន្តែព្រមពេលជាមួយគ្នា ព័ត៌មានមិនពិត នៅលើអ៉ីនធើណិត ត្រូវបានចែករំលែងយ៉ាងព្រោងព្រាតដោយក្រុមស្ដាំនិយមជ្រុល ដែលនិយាយថាជនសង្ស័យគឺជាជនអន្តោប្រវេសន៍មូស្លីម ជាហេតុបង្កឱ្យផ្ទុះកំហឹងខឹងស្អប់ជនអន្តោប្រវេសន៍ ។ បច្ចុប្បន្ន មនុស្សជាង ១៤០នាក់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងអំពើហិង្សានេះ៕