(ឡង់ដ៍)៖ ស្ថានការណ៍នៅចក្រភពអង់គ្លេសកាន់តែក្តៅគគុក ខណៈដែលក្រុមបាតុករប្រឆាំងជនមូស្លីម និងប្រឆាំងជនអន្តោប្រវេសន៍បានបង្កអំពើហិង្សា និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ខណៈប៉ូលិសបានបង្រាបក្រុមនេះយ៉ាងហិង្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។
កាលពីដើមសប្តាហ៍មុន ក្រុមបាតុករទាំងនេះបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ បន្ទាប់ពីមានករណីក្មេងស្រីបីនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំបិតនៅ Southport ភាគពាយ័ព្យប្រទេសអង់គ្លេស។ ក្រុមស្តាំនិយមជ្រុលបានទាញយកផលប្រយោជន៍ពីករណីនេះ ដោយចោទប្រកាន់ថាជនសង្ស័យជាជនអន្តោប្រវេសន៍ម៉ូស្លីម បើទោះបីជាព័ត៌មាននេះមិនត្រឹមត្រូវក៏ដោយ។ ពួកគេបានប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កើនកំហឹងក្នុងសង្គម។
ដោយសារតែការញុះញង់នេះ ក្រុមបាតុករបានប្រែក្លាយទៅជាកុប្បកម្មដ៏ហិង្សា ដោយបានវាយប្រហារមជ្ឈមណ្ឌលជនភៀសខ្លួន និងក្រុមហ៊ុនមេធាវីអន្តោប្រវេសន៍។ ពួកគេក៏បានបំផ្លាញហាង និងទ្រព្យសម្បត្តិសាធារណៈ ដោយបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងតំបន់៕