(កាត់ម៉ាន់ឌូ)៖ អ្នកដំណើរជនជាតិចិនចំនួនបួននាក់ និងអ្នកបើកបរម្នាក់បានស្លាប់ នៅពេលដែលឧទ្ធម្ភាគចក្រមួយបានធ្លាក់នៅស្រុក Nuwakot នៃខេត្ត Bagmati ប្រទេសនេប៉ាល់ កាលពីរសៀលថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។
អ្នកនាំពាក្យប៉ូលីសនេប៉ាល់ លោក Dan Bahadur Karki បានប្រាប់ស៊ីនហួរថា «មនុស្សប្រាំនាក់នៅលើឧទ្ធម្ភាគចក្រ រួមទាំងអ្នកបើកបរ ត្រូវបានសម្លាប់។ យើងបានប្រមូលសាកសពទាំងអស់»។
អាជ្ញាធរបានគូសបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Air Dynasty របស់ប្រទេសនេប៉ាល់ កំពុងហោះហើរពីរដ្ឋធានី Kathmandu ទៅទីប្រជុំជន Syafrubesi នៃស្រុក Rasuwa នៅពេលដែលវាធ្លាក់នៅភូមិ Shivapuri នៃស្រុក Nuwakot។
ឧទ្ធម្ភាគចក្រដែលដឹកអ្នកដំណើរជនជាតិចិនបួននាក់ បានបាត់បង់ការទំនាក់ទំនងជាមួយប៉មត្រួតពិនិត្យ នៅបីនាទីបន្ទាប់ពីហោះឡើង អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសនេប៉ាល់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយកត់សម្គាល់ថាវាបានធ្លាក់នៅម៉ោង ១៣:៥៤នាទី ម៉ោងក្នុងស្រុក។
ស្ថានទូតចិនប្រចាំនៅប្រទេសនេប៉ាល់បានបញ្ជាក់ថា ជនជាតិចិនចំនួនបួននាក់ត្រូវបានសម្លាប់នៅក្នុងគ្រោះថ្នាក់នេះ។ លោកនាយករដ្ឋមន្ត្រីនេប៉ាល់ KP Sharma Oli បានសម្តែងការសោកស្តាយចំពោះគ្រោះថ្នាក់នេះ។
កាលពីថ្ងៃទី២៤ ខែកក្កដាកន្លងទៅ ក៏មានយន្តហោះក្នុងស្រុកមួយបានធ្លាក់ កំឡុងពេលហោះឡើងនៅអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ក្នុងទីក្រុង Kathmandu បណ្តាលឱ្យមនុស្ស ១៨ នាក់ស្លាប់ និងម្នាក់រងរបួសផងដែរ៕