(បែរឡាំង)៖ ប៉ូលិសក្នុងតំបន់និយាយថា ផ្ទះលំហែនៃសណ្ឋាគារជាប់ភ្នំមួយកន្លែង បានបាក់ស្រុតមិនទាំងស្រុង កាលពីយប់ឈានចូលថ្ងៃពុធនេះ នៅក្បែរច្រាំងទន្លេ Moselle របស់ប្រទេសអាល្លឺម៉ង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៨នាក់ជាប់នៅក្រោមនោះ ហើយមានខ្លះរងរបួសធ្ងន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ ២០២៤។
សាកសពអ្នកស្លាប់ត្រូវបានគេរកឃើញហើយ ប៉ុន្តែមិនទាន់អាចយកចេញមកក្រៅបាននៅឡើយទេ។ ប៉ូលិស បានឱ្យដឹងទៀតថា ដោយសារតែកម្រិតនៃការខូចខាត ធ្វើឱ្យប្រតិបត្តិការជួបការពិបាកខ្លាំង ហើយសំណង់ក្នុងទីក្រុង Kroev
អាចចូលបានតែក្រុមអ្នកសង្គ្រោះបន្ទាន់ប៉ុណ្ណោះ និងធ្វើឡើងដោយប្រុងប្រយ័ត្នបំផុត។ ក្រុមពន្លត់អគ្គីភ័យ និងគ្រូពេទ្យ បានប្រមូលផ្តុំគ្នានៅខាងក្រៅទីតាំងកើតហេតុ ចាប់តាំងពីយប់ថ្ងៃអង្គារ។ ក្រុមស៉ើបអង្កេតជឿថា មានមនុស្សចំនួន ១៤នាក់ កំពុងស្ថិតក្នុងសណ្ឋាគារ នៅពេលមានដែលឧប្បត្តិហេតុកើតឡើង ក្នុងនោះ ៥នាក់បានរត់គេចខ្លួនទាន់។ ដើម្បីសុវត្ថិភាព អ្នកជិតខាងកន្លែងកើតហេតុចំនួន ៣១នាក់បានភៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។
គួរបញ្ជាក់ថា តំបន់ Moselle ត្រូវបានគេស្គាល់ថាជាទីក្រុងដ៏ស្រស់ស្អាត និងចម្ការទំពាំងបាយជូរ នៅលើច្រាំងទន្លេដ៏ចោត៕