(បាងកក)៖ ស្របពេលតុលាការធម្មនុញ្ញនៃប្រទេសថៃ នាថ្ងៃពុធនេះបានប្រកាសសាលក្រម រំលាយគណបក្សប្រឆាំង Move Forward សមាជិកជាន់ខ្ពស់ទាំង១១នាក់ នៃក្រុមប្រឹក្សានាយករបស់បក្ស ដែលរួមមានទាំងអតីតមេដឹកនាំគណបក្សនេះ គឺលោក Pita Limjaroenrat ក៏ត្រូវជាប់បម្រាមមិនឱ្យធ្វើនយោបាយ សម្រាប់រយៈពេល១០ឆ្នាំផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤។
ការសម្រេចរបស់តុលាការធម្មនុញ្ញ ធ្វើឡើងតាមសំណើរបស់គណៈកម្មការរៀបចំការបោះឆ្នោតថៃ ដែលបានស្នើជាផ្លូវការ កាលពីខែមីនាកន្លងទៅ ឱ្យរំលាយបក្ស Move Forward ក្រោមហេតុផលថាគោលនយោបាយកំណែទម្រង់របស់គណបក្សនេះ ធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យថៃ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ និងបង្កប់នូវកិច្ចប្រឹងប្រែងដើម្បី ប៉ុនប៉ងបំផ្លាញស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល នៅក្នុងប្រទេសអាស៊ានមួយនេះ។
ការរំលាយបក្ស Move Forward មានន័យថា តំណាងរាស្រ្តចំនួន១៤៣នាក់របស់បក្សនេះ នៅអាចរក្សាអាសនៈរបស់ខ្លួនក្នុងសភាបាន ក៏ប៉ុន្តែត្រូវចុះចូលជាមួយគណបក្សដទៃទៀត ឬក៏បង្កើតគណបក្សថ្មីសន្លាងមួយតែម្តង ដូចដែលពួកគេបានធ្វើកាលពីឆ្នាំ២០២០ នៅពេលគណបក្ស Future Forward ដែលជាបក្សមុនរបស់ Move Forward ត្រូវបានរំលាយចោល ក្រោយល្មើសច្បាប់ឃោសនាបោះឆ្នោត។
គួរបញ្ជាក់ថា គណបក្ស Move Forward គឺជាបក្សដែលឈ្នះបានអាសនៈច្រើនជាងគេបង្អស់ ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣ ហើយលោក Pita ប៊ិះនឹងបានឡើងកាន់តំណែងជា នាយករដ្ឋមន្រ្តីថៃ ប៉ុន្តែកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលរបស់ Move Forward ត្រូវបានរារាំងដោយក្រុមសមាជិកព្រឹទ្ធសភា ក៏ដូចជាសមាជិករដ្ឋសភា របស់បណ្តាគណបក្សដែលគាំទ្រយោធា និងរបបរាជានិយម។ ក្រោយមក Move Forward ក៏បានក្លាយជា គណបក្សប្រឆាំង៕