(សិង្ហបុរី)៖ នៅថ្ងៃពុធនេះ អាជ្ញាធរសិង្ហបុរីបានព្យួរកបុរសវ័យ៥៩ឆ្នាំម្នាក់ ដែលមានទោសពីបទជួញដូរគ្រឿងញៀន ខណៈវាគឺជាការប្រហារជីវិតលើកទី២ នៅបុរីរដ្ឋមួយនេះ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤។
អ្នកទោសអាយុ៥៩ឆ្នាំខាងលើ គឺជាជនជាតិសិង្ហបុរីផ្ទាល់ ដែលត្រូវបានផ្តន្ទាទោសប្រហារជីវិត ពីបទជួញដូរគ្រឿងញៀនប្រភេទ heroin ច្រើនជាង៣៥.៨៥ក្រាម។ ច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងនៅប្រទេសសិង្ហបុរី ចែងថា ការជួញដូរគ្រឿងញៀន heroin លើស១៥ក្រាមឡើងទៅ គឺត្រូវប្រឈមមុខនឹងទោសប្រហារជីវិត។
វាគឺជាការប្រហារជីវិតអ្នកទោសទី២ នៅសិង្ហបុរី ក្នុងចន្លោះពេលមិនដល់១សប្តាហ៍ និងជាលើកទី៣ នៅក្នុងឆ្នាំ២០២៤នេះ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន បុរសជនជាតិសិង្ហបុរីវ័យ៤៥ឆ្នាំម្នាក់ ត្រូវបានព្យួរក សម្រាប់ការជួញដូរគ្រឿងញៀនទម្ងន់៣៦.៩៣ក្រាម។ រីឯកាលពីកុម្ភៈ ឆ្នាំនេះ បុរសជនជាតិបង់ក្លាដែសម្នាក់អាយុ៣៥ឆ្នាំ ត្រូវបានប្រហារជីវិត ពីបទសម្លាប់អតីតគូដណ្តឹងខ្លួន នៅសិង្ហបុរី។
ការប្រហារជីវិតនាថ្ងៃពុធនេះ នាំឱ្យចំនួនអ្នកទោសដែលត្រូវបានព្យួរក កើនដល់១៩នាក់ គិតចាប់តាំងពីប្រទេសសិង្ហបុរី បានបន្តការប្រហារជីវិតអ្នកទោសឡើងវិញ កាលពីខែមីនា ឆ្នាំ២០២២។ សិង្ហបុរីបានផ្អាកការប្រហារជីវិត រយៈពេល២ឆ្នាំ អំឡុងការរាតត្បាតនៃជំងឺកូវីដ១៩។
គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្ស បាននិយាយថា ទោសប្រហារជីវិត គឺមិនមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់បទឧក្រិដ្ឋឡើយ ហើយបានអំពាវនាវ ឱ្យលុបបំបាត់វាចោល។ យ៉ាងណាមិញ អាជ្ញាធរសិង្ហបុរី បានអះអាងថា វាបានជួយធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេសដែលមានសុវត្ថិភាពបំផុតមួយ នៅអាស៉ី៕