(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា កញ្ចប់ថវិកាការពារជាតិសរុបរបស់ដែនកោះនេះ ត្រូវបានកំណត់ថា នឹងឈានដល់កម្រិតខ្ពស់ មិនធ្លាប់មានថ្មីមួយទៀត គឺចំនួន ៦៤៧ពាន់លានដុល្លារតៃវ៉ាន់ ស្មើនឹង១៩.៧៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤។
បច្ចុប្បន្ន ដែនកោះដែលត្រូវប្រទេសចិនចាត់ទុកត្រឹមជា ផ្នែកនៃទឹកដីរបស់ខ្លួននេះ កំពុងតែព្យាយាមបង្កើនកិច្ចសហប្រតិបត្តិការ និងការពឹងផ្អែកលើខ្លួនឯង ក្នុងវិស័យការពារជាតិ ជាមួយបណ្តាដៃគូនៅក្នុងស្រុកផ្ទាល់។ យោងតាមសេចក្តីថ្លែងការណ៍របស់ ការិយាល័យមេដឹកនាំតៃវ៉ាន់ លោក Lai បាននិយាយយ៉ាងដូច្នេះថា «ពួកយើងមានការតាំងចិត្តខ្ពស់ ក្នុងការពង្រឹងវិស័យការពារជាតិ ក៏ដូចជាការធ្វើឱ្យកាន់តែស៉ីជម្រៅ នូវកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូក្នុងស្រុក ដើម្បីធានាសុខសន្តិភាព និងវិបុលភាព»។
គួរបញ្ជាក់ថា លោក Lai បានឡើងកាន់តំណែងជាមេដឹកនាំតៃវ៉ាន់ កាលពីខែឧសភា ឆ្នាំនេះ ហើយលោកត្រូវបានទីក្រុងប៉េកាំង ចាត់ទុកជាបុគ្គលប្រកាន់និន្នាការចង់បំបែករដ្ឋ ដ៏គ្រោះថ្នាក់ម្នាក់។ ត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយលោក Lai ស្បថចូលកាន់តំណែង ចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅជុំវិញកោះតៃវ៉ាន់។ ដោយឡែក សេចក្តីថ្លែងការណ៍ខាងលើ មិនបានផ្តល់ការប្រៀបធៀប ជាមួយកញ្ចប់ថវិកាការពារជាតិឆ្នាំនេះឡើយ ប៉ុន្តែរដ្ឋាភិបាលទីក្រុងតៃប៉ិ កន្លងមក បានស្នើកញ្ចប់ថវិកាការពារជាតិសរុប ចំនួន៦០៦.៨ពាន់លានដុល្លារតៃវ៉ាន់ សម្រាប់ឆ្នាំ២០២៤៕