(ព្យុងយ៉ាង)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា កូរ៉េខាងជើងចាត់ទុក ការចូលរួមរបស់អាល្លឺម៉ង់ ក្នុងកងម្លាំងអង្គការសហប្រជាជាតិ (UN) ដឹកនាំដោយសហរដ្ឋអាមេរិក ដែលឃ្លាំមើលសន្តិសុខព្រំដែន នៅឧបទ្វីបកូរ៉េ មុខជានឹងបង្កើនភាពតានតឹង ហើយចោទប្រកាន់ជាថ្មី អំពីការបង្កើតអង្គការ NATO នៅអាស៉ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤។
អាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់អាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន បានក្លាយជាសមាជិកថ្មីចុងក្រោយគេបង្អស់ នៅក្នុងបញ្ជាការដ្ឋាន UN ជាកងកម្លាំងអន្តរជាតិ ដែលជួយរក្សាសន្តិសុខ នៅតំបន់ព្រំប្រទល់រវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើង ហើយទីក្រុងបែរឡាំង ក៏បានប្តេជ្ញាការពារកូរ៉េខាងត្បូងផងដែរ ក្នុងករណីមានសង្រ្គាមផ្ទុះឡើង។ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីសប្តាហ៍មុនថា ការសម្រេចចិត្តធ្វើដូចខាងលើ គឺជាភស្តុតាងមួយនៃការជឿជាក់របស់ទីក្រុងបែរឡាំង ដែលថាសន្តិសុខរបស់អឺរ៉ុប ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយសន្តិសុខនៅឥណ្ឌូ-ប៉ាស៉ីហ្វិក។
គួរបញ្ជាក់ថា បើយោងតាមសេចក្តីរាយការណ៍របស់ KCNA អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងថា «សហរដ្ឋអាមេរិក កំពុងបន្តព្យាយាមស្តារឡើងវិញនូវតួនាទី របស់បញ្ជាការដ្ឋាន UN ដែលគួរតែលែងមានវត្តមាន ចាប់តាំងពីសតវត្សរ៍មកម្ល៉េះ។ ទង្វើនេះមានគោលដៅប្រែក្លាយ បញ្ជាការដ្ឋាន UN ឱ្យទៅជាអង្គការ NATO ទី២ ប្រចាំតំបន់អាស៉ី។ ទីក្រុងព្យុងយ៉ាងបានបន្ថែមថា ការចូលរួមរបស់អាល្លឺម៉ង់ ក្នុងបញ្ជាការដ្ឋាន UN នឹងបង្កើនភាពតានតឹង ចំពោះស្ថានការណ៍យោធា និងនយោបាយ នៅឧបទ្វីបកូរ៉េ ព្រមទាំងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ជាក់ជាមិនខាន ហើយអាល្លឺម៉ង់នឹងក្លាយជា អ្នកទទួលខុសត្រូវទាំងស្រុង សម្រាប់ផលវិបាកនានា ដែលកើតមានឡើង៕