(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក និងអូស្រ្តាលី បានឱ្យដឹងថា អូស្រ្តាលី គ្រោងចាប់ផ្តើមការផលិតអាវុធកំណត់គោលដៅជាក់លាក់ជាមួយសហរដ្ឋអាមេរិក នៅឆ្នាំ ២០២៥ ដើម្បីជំរុញការផ្គត់ផ្គង់សម្រាប់សម្ព័ន្ធមិត្តក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក និងបង្កើនវត្តមានយោធាអាមេរិកនៅក្នុងប្រទេសរបស់ខ្លួន រួមទាំងយន្តហោះទម្លាក់គ្រាប់បែកផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ ២០២៤។
ក្រោយកិច្ចពិគ្រោះយោបល់ថ្នាក់រដ្ឋមន្រ្តីអាមេរិក-អូស្រ្តាលី (AUSMIN) នៅទីក្រុង Annapolis នៃរដ្ឋ Maryland លោក Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិកនិយាយថា នឹងមានការកើនឡើងនូវវត្តមាននៃកងកម្លាំងប្តូរវេនរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអូស្ត្រាលី។ លោកបញ្ជាក់ថា «យន្តហោះល្បាតដែនសមុទ្រ និងយន្តហោះឈ្លបយកការណ៍កាន់តែច្រើន ត្រូវធ្វើប្រតិបត្តិការចេញពីមូលដ្ឋាននានា ទូទាំងភាគខាងជើងអូស្រា្តលី ហើយក៏នឹងមានការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកប្តូរវេន ញឹកញាប់ជាងមុនផងដែរ»។
លោក Richard Marles រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលីនិយាយថា វត្តមានកងកម្លាំងអាមេរិកនៅក្នុងប្រទេសអូស្រ្តាលី បានរួមចំណែកការពារតំបន់ឥណ្ឌូប៉ាស៉ីហ្វិក ហើយនឹងមានកិច្ចសហការកាន់តែជិតស្និទ្ធ លើការផលិតអាវុធកំណត់គោលដៅជាក់លាក់ នៅក្នុងប្រទេសអូស្រ្តាលី។ អូស្ត្រាលី នឹងចាប់ផ្តើមគម្រោងរួមគ្នាផលិតមីស៉ីលកំណត់គោលដៅជាក់លាក់ នៅឆ្នាំក្រោយ រួមទាំងប្រព័ន្ធរ៉ុក្កែត GMLRS ដែលប្រើក្នុងប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា អូស្ត្រាលី និងសហរដ្ឋអាមេរិក កំពុងធ្វើឱ្យប្រសើរឡើងនូវមូលដ្ឋានទ័ពអាកាសនៅភាគខាងជើង និងភាគខាងលិចនៃប្រទេសអូស្ត្រាលី ដែលកាន់ទៅជិតទៅចំណុចមានវិវាទជាមួយចិន នៅតំបន់សមុទ្រចិនខាងត្បូង ជាងទីក្រុងកង់បេរ៉ារបស់អូស្ត្រាលី។ គ្មានមូលដ្ឋានយោធាអាមេរិកនៅអូស្រ្តាលីទេ ប៉ុន្តែទីក្រុងភាគខាងជើងគឺ Darwin តែងទទួលរៀបចំកងកម្លាំងប្តូរវេននៃកងម៉ារីនអាមេរិក ក្នុងរយៈពេល ៦ខែម្តងក្នុងមួយឆ្នាំ ហើយសហរដ្ឋអាមេរិកកំពុងសាងសង់កន្លែងឱ្យកងម៉ារីនរបស់ខ្លួន និងសម្រាប់កងទ័ពអាកាសផងដែរ នៅក្នុងមូលដ្ឋានរបស់អូស្ត្រាលីតែម្តង៕