(មូស្គូ)៖ កាសែតក្នុងស្រុក Izvestia រាយការណ៍ថា ម៉ិកស៉ិក បានអញ្ជើញលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ឱ្យចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ លោកស្រី Claudia Sheinbaum ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីថ្មីនៃប្រទេសម៉ិកស៉ិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ ២០២៤។
កាសែត Izvestia បានឱ្យដឹងថា អ្នកតំណាងនៃស្ថានទូតម៉ិកស៉ិកនិយាយថា លិខិតអញ្ជើញចូលរួមពិធីស្បថចូលកាន់តំណែងលោកស្រី Sheinbaum ត្រូវបានផ្ញើទៅកាន់ លោក ពូទីន។ លោក ពូទីន នឹងសម្រេចថាមកចូលរួមក្នុងពិធីដោយខ្លួនឯង ឬបញ្ជូនមន្រ្តីជាន់ខ្ពស់ណាម្នាក់ឱ្យតំណាងរូបលោក។ ក្រោយមក ក្រសួងការបរទេសម៉ិកស៉ិក បានប្រាប់ Reuters ថារដ្ឋាភិបាលបានផ្ញើលិខិតទូតទៅកាន់ប្រទេសទាំងអស់ដែលមានទំនាក់ទំនងនឹងគ្នា ក៏ដូចជាអង្គការអន្តរជាតិដែលខ្លួនជាសមាជិក ឱ្យចូលរួមពិធីក្នុងពិធីស្បថរបស់ លោកស្រី Sheinbaum។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីការចាប់ខ្លួន លោក ពូទីន ដោយចោប្រកាន់រូបលោកពីការបញ្ជូនកុមារចេញពីអ៊ុយក្រែនដោយខុសច្បាប់ ក្រោយសង្រ្គាមរុស្ស៉ី-អ៊ុយក្រែនផ្ទុះឡើង។ ខណៈរុស្ស៉ី មិនមែនជាសមាជិក ICC តែម៉ិកស៉ិកគឺជាសមាជិក ក្រសួងការបរទេសម៉ិកស៉ិក មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយទេ ជុំវិញចំណាត់ការរបស់ខ្លួនក្នុងនាមជាសមាជិក ICC ប្រសិនបើលោក ពូទីន ទៅចូលរួមក្នុងពិធីស្បថចូលកាន់តំណែងនោះ៕