(ម៉ានីល)៖ ហ្វីលីពីន នៅថ្ងៃពុធ ទី៧ ខែសីហា បានចូលរួមក្នុងការធ្វើប្រតិបត្តិការល្បាតរួមគ្នាទាំងជើងទឹក និងអាកាសមានរយៈពេល២ថ្ងៃ ជាមួយសហរដ្ឋអាមេរិក កាណាដា និងអូស្ត្រាលី ខណៈទីក្រុងប៉េកាំងកំពុងបង្កើនការទាមទារអធិបតេយ្យទឹកដី នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ មន្ត្រីយោធាកំពូលៗនៃប្រទេសទាំង៤ បានបញ្ជាក់ថាប្រតិបត្តិការល្បាតខាងលើនឹងត្រូវធ្វើឡើង នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ហ្វីលីពីន ហើយនឹងបង្ហាញពីការប្ដេជ្ញាចិត្តជាសមូហភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ សំដៅគាំទ្រដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។
គួរបញ្ជាក់ថា នៅចំពោះមុខភាពតានតឹងជាមួយចិន ហ្វីលីពីនដែលជាសម្ព័ន្ធមិត្តមានសន្ធិសញ្ញាយោធាជាមួយសហរដ្ឋអាមេរិក បាន និងកំពុងពង្រឹងទំនាក់ទំនងយោធាជាមួយ នឹងបណ្ដាប្រទេសលោកខាងលិច។ ក្នុងនោះទីក្រុងម៉ានីលបានចុះកិច្ចព្រមព្រៀងយោធាជាមួយជប៉ុន កាលពីខែកក្កដាកន្លងទៅ ដែលនឹងអនុញ្ញាតឱ្យកងទ័ពនៃប្រទេសទាំង២ ដាក់ពង្រាយនៅលើទឹកដីគ្នាទៅវិញទៅមក៕