(ការ៉ាកាស់)៖ រដ្ឋមន្ត្រីការពារជាតិវ៉េណេស៊ុយអេឡា លោក Vladimir Padrino កាលពីថ្ងៃអង្គារ ទី៦ ខែសីហា បានបញ្ជាក់ឡើងវិញពីភក្ដីភាពយ៉ាងស្មោះស័្មគ្ររបស់យោធាចំពោះ លោកប្រធានាធិបតី Nicolas Maduro ដែលកំពុងមានជម្លោះជាមួយគណបក្សប្រឆាំង ជុំវិញលទ្ធផលបោះឆ្នោតប្រធានាធិបតី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការអត្ថាធិប្បាយបែបនេះរបស់លោក Padrino ធ្វើឡើង បន្ទាប់ពីបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រឆាំង គឺលោក Edmundo Gonzalez និងមេដឹកនាំបក្សប្រឆាំង លោកស្រី Maria Corina Machado បានជំរុញឱ្យសមាជិកកងកម្លាំងប្រដាប់អាវុធទាំងអស់ឈរនៅខាងប្រជាជន នៅក្នុងលិខិតមួយចុះផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ នៅក្នុង សុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ លោក Padrino ក៏បានចាត់ទុកផងដែរការអំពាវនាវរបស់មេដឹកនាំគណបក្សប្រឆាំងគឺជាទង្វើបំបែកបាក់សាមគ្គីភាព បំពានរដ្ឋធម្មនុញ្ញ និងបង្កប់ចេតនា ចង់បះបោរ។
គួរបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតរបស់វ៉េណេស៊ុយអេឡា បានប្រកាសថាលោក Nicolas Maduro គឺជាអ្នកទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពី ថ្ងៃទី២៨ ខែកក្កដាកន្លងទៅ ដោយទទួលបានសំឡេងគាំទ្រ៥១ភាគរយនៃសន្លឹកឆ្នោតសរុប។ ប៉ុន្តែ គណបក្សប្រឆាំងបានអះអាងថាបេក្ខជនរបស់ខ្លួន គឺលោក Edmundo Gonzalez ទៅវិញទេដែលជាអ្នកទទួលបានជ័យជម្នះជាមួយសន្លឹកឆ្នោតជាង ៦លានសំឡេង ធៀបទៅនឹងលោក Maduro ដែលទទួលបានត្រឹមតែ ២.៧លានសំឡេងប៉ុណ្ណោះ។ ចំណែក សហរដ្ឋអាមេរិក ក៏បានប្រកាសទទួលស្គាល់ដែរថាលោក Edmundo Gonzalez ជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីវ៉េណេស៊ុយអេឡា៕