(ANNAPOLIS សហរដ្ឋអាមេរិក)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាទាំងអ៉ីរ៉ង់ និងអ៉ីស្រាអែល គួរតែចៀសវាងការបង្កើនជម្លោះ ខណៈក៏បញ្ជាក់ឡើងវិញ ផងដែរពីការតាំងចិត្តការពារអ៉ីស្រាអែល នៅចំពោះមុខការព្រួយបារម្ភពីលទ្ធភាពផ្ទុះសង្រ្គាមក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការសម្គាល់របស់លោក Antony Blinken ធ្វើឡើងកាលពីថ្ងៃអង្គារ ទី៦ ខែសីហា នៅបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់អូស្រ្តាលី នៅឯ បណ្ឌិតសភាយោធាជើងទឹកអាមេរិក (US Naval Academy) ក្នុងទីក្រុង Annapolis រដ្ឋ Maryland។ តាមលោក Blinken សហរដ្ឋអាមេរិក បាន និងកំពុងចូលរួមយ៉ាងសកម្មនៅក្នុង កិច្ចការការទូតជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ ដើម្បីបញ្ជូនសារទៅកាន់អ៉ីរ៉ង់ និងអ៉ីស្រាអែល។ ប្រមុខការទូតអាមេរិករូបនេះបានលើកឡើងដែរថាសហរដ្ឋអាមេរិក មានការប្ដេជ្ញាចិត្ត ពេញទំហឹង ដើម្បីការពារសន្តិសុខរបស់អ៉ីស្រាអែល ហើយនឹងបន្តការពារអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារពីពួកភេរវករ ឬអ្នកគាំទ្ររបស់ពួកគេ ព្រមទាំងបន្តការពារកងទ័ពអាមេរិក នៅក្នុងតំបន់។
លោក Blinken បានបន្ថែមទៀតថា មនុស្សគ្រប់គ្នាក្នុងតំបន់ គួរតែដឹងឱ្យច្បាស់ថាការវាយប្រហារជាថ្មីណាមួយ គឺមានតែបង្កើនជម្លោះ អស្ថិរភាព អសន្តិសុខក្នុងតំបន់តែប៉ុណ្ណោះ។ ជាងនេះទៅទៀត សហរដ្ឋអាមេរិកនឹងមិនអត់ឱន ឱ្យឡើយចំពោះការវាយប្រហារលើកងទ័ពអាមេរិកនៅក្នុងតំបន់។
គួរបញ្ជាក់ថា អ៉ីរ៉ង់ បានសន្យាថានឹងចាត់វិធានការសងសឹក បន្ទាប់ពីចោទប្រកាន់ថាអ៉ីស្រាអែលជាសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh នៅក្នុង ទីក្រុងតេហេរ៉ង់ កាលពីសប្ដាហ៍មុន។ កាលពីថ្ងៃអង្គារនោះដែរ ក្រុមហាម៉ាសបានតែងតាំងលោក Yahya Sinwar ជាមេដឹកនាំនយោបាយថ្មីរបស់ខ្លួនជំនួសលោក Haniyeh៕