(ហ្ស៊េរុយសាឡិម)៖ ក្រុមហាម៉ាស កាលពីថ្ងៃអង្គារ ទី៦ ខែសីហា បានតែងតាំងលោក Yahya Sinwar ជាមេដឹកនាំនយោបាយថ្មីរបស់ខ្លួនជំនួសលោក Ismail Haniyeh ដែល ត្រូវបានសម្លាប់ នៅក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការប្រកាសពីការតែងតាំងលោក Yahya Sinwar កើតមានឡើងចំពេលតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ខណៈអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន បានសន្យាសងសឹកអ៉ីស្រាអែលជុំវិញការសម្លាប់លោក Haniyeh។ អ៉ីរ៉ង់ និងហាម៉ាសបានចោទប្រកាន់ថាអ៉ីស្រាអែលជាអ្នកសម្លាប់លោក Haniyeh រីឯក្រុមហេសបូឡាវិញក៏បាន ប្ដេជ្ញាសងសឹកដែរ បន្ទាប់ពីអ៉ីស្រាអែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ខ្លួន គឺលោក Fuad Shukr នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយលើទីក្រុងបេរូត ប្រទេសលីបង់ កាលពីសប្ដាហ៍មុន។
មន្ត្រីជាន់ខ្ពស់ហាម៉ាសម្នាក់ បានប្រាប់ AFP ថាការតែងតាំងលោក Sinwar ជាមេដឹកនាំនយោបាយថ្មី គឺជាការបញ្ជូនសារមួយថាក្រុមហាម៉ាសនឹងបន្តការប្រយុទ្ធតស៊ូរបស់ខ្លួន ស្របពេលក្រុមហេសបូឡា បានអបអរសាទរលោក Sinwar ហើយនិយាយថាការតែងតាំងរូបលោកបានបញ្ជាក់ថាសត្រូវ (អ៉ីស្រាអែល)...បានបរាជ័យក្នុងការសម្រេចគោលដៅ របស់ពួកគេតាមរយៈការសម្លាប់មេដឹកនាំ និងមន្ត្រីរបស់ហាម៉ាស។ ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Israel Katz បានព្រមានថាការតែងតាំងលោក Sinwar បានផ្ដល់ហេតុផលកាន់តែច្បាស់ពីភាពចាំបាច់តាមសម្លាប់លោក Sinwar ឱ្យបានឆាប់ និងកម្ទេចក្រុមហាម៉ាសឱ្យរលាយបាត់ពីផែនដី។
ដោយឡែក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា វាគឺអាស្រ័យលើលោក Sinwar ដើម្បីជួយសម្រេចឱ្យបាននូវ បទឈប់បាញ់ ដ្បិតរូបលោកជាអ្នកសម្រេចចិត្តធំបំផុតរបស់ហាម៉ាស។ ប៉ុន្តែ ក្រុមអ្នកវិភាគជឿថាលោក Sinwar មានការស្ទាក់ស្ទើរខ្លាំងជាងលោក Haniyeh ទៅទៀត ពាក់ព័ន្ធនឹង ការទទួលយកបទឈប់បាញ់ជាមួយអ៉ីស្រាអែល។
គួរបញ្ជាក់ថា លោក Yahya Sinwar ត្រូវបានអ៉ីស្រាអែលចោទថាជាមេគំនិតនៅពីក្រោយការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា លើភាគខាងត្បូងអ៉ីស្រាអែល។ លោក Sinwar បានក្លាយជាមេដឹកនាំក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ២០១៧មក ហើយបន្ទាប់ពីការវាយប្រហារលើអ៉ីស្រាអែល លោកមិនដែលបង្ហាញខ្លួននោះទេ៕