(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris កាលពីថ្ងៃអង្គារ ទី៦ ខែសីហា បានសម្រេចចិត្តជ្រើសរើសលោក Tim Walz ជាអភិបាលរដ្ឋ Minnesota ជាបេក្ខជនអនុប្រធានាធិបតីរបស់លោកស្រី សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Harris បានប្រកាសពីការជ្រើសរើសលោក Tim Walz នៅក្នុងសារមួយទៅកាន់អ្នកគាំទ្រ។ ក្រោយការប្រកាសរបស់លោកស្រី Harris លោក Walz មានអាយុ ៦០ឆ្នាំ ដែលជាអតីតគ្រូបង្រៀន និងធ្លាប់បម្រើការងារក្នុងជួរកងកម្លាំងឆ្មាំជាតិនៃកងទ័ពអាមេរិកផងនោះ បាននិយាយថាលោកពិតជាមានកិត្តិយសដែលបានចូលរួមជាមួយលោកស្រី សម្រាប់ការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ។

គួរបញ្ជាក់ថា លោក Tim Walz បានជាប់ឆ្នោតជាអភិបាលរដ្ឋ Minnesota ក្នុងឆ្នាំ២០១៨។ ក្នុងនាមជាអភិបាលរដ្ឋ លោកជាមនុស្សម្នាក់មាននិន្ននាការចម្រើននិយម ក្នុងនោះរួមមាន ការលើកកម្ពស់កម្មវិធីផ្ដល់អាហារដោយឥតគិតថ្លៃនៅសាលារៀន មានគោលដៅទប់ស្កាត់ការប្រែប្រួលអាកាសធាតុ បន្ធូរបន្ថយពន្ធសម្រាប់ប្រជាជនអាមេរិក មានជីវភាពមធ្យម ព្រមទាំងជំរុញកម្មវិធីជួយដល់ពលករក្នុងរដ្ឋ Minnesota ជាដើម៕