(ហ្គាហ្សា)៖ ក្រុមប្រដាប់អាវុធ Hezbollah បានបើកការវាយប្រហារដោយយន្តហោះដ្រូន និងរ៉ុក្កែត ទៅកាន់ភាគខាងជើងអ៊ីស្រាអែល នៅថ្ងៃអង្គារនេះ ដោយព្រមានថា ការសងសឹកពិតប្រាកដសម្រាប់ការសម្លាប់មេបញ្ជាការកំពូលរបស់ខ្លួនកាលពីសប្តាហ៍មុន នៅមិនទាន់មកដល់នៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ ២០២៤។
Hezbollah បានអះអាងថា ការវាយប្រហារនេះ បានកំណត់គោលដៅទៅលើទីតាំងយោធាចំនួនពីរ និងរថយន្តយោធាមួយគ្រឿង នៅជិតទីក្រុង Acre ភាគខាងជើងអ៊ីស្រាអែល។ ក្រុមនេះបានបញ្ជាក់ថា ការវាយប្រហារនេះបានជោគជ័យ និងបង្កការខូចខាតយ៉ាងសន្ធឹកសន្ធាប់ដល់គោលដៅទាំងនោះ។
ដោយឡែក យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានស្ទាក់ចាប់យន្តហោះដ្រូនមួយគ្រឿង និងបានធ្វើការវាយប្រហារតបតទៅលើទីតាំង Hezbollah ចំនួនពីរនៅភាគខាងត្បូងប្រទេសលីបង់។
ការវាយប្រហារនេះបានបង្កើនការព្រួយបារម្ភយ៉ាងខ្លាំង អំពីលទ្ធភាពនៃសង្គ្រាមទ្រង់ទ្រាយធំមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា។ Hezbollah បានសន្យាថានឹងធ្វើការសងសឹកបន្ថែមទៀត ខណៈដែលអ៊ីស្រាអែលក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារខ្លួន។ ភាពតានតឹងនេះក៏កាន់តែកើនឡើងដោយសារតែការគំរាមកំហែងសងសឹកពីអ៊ីរ៉ង់ ជុំវិញការធ្វើឃាតមេដឹកនាំយោធាហាម៉ាស់កាលពីសប្តាហ៍មុន។
ការស្លាប់មនុស្ស ៤នាក់ ដែលត្រូវបានគេសង្ស័យថាជាសមាជិកក្រុម Hezbollah នៅក្នុងការវាយប្រហារលើផ្ទះមួយក្នុងភូមិ Mayfadoun ភាគខាងជើងប្រទេសលីបង់ បានបន្ថែមភាពស្មុគស្មាញដល់ស្ថានការណ៍។ ទោះបីជាមិនទាន់មានការទទួលខុសត្រូវ ចំពោះការវាយប្រហារនេះក៏ដោយ ក៏វាបានបង្កើនការព្រួយបារម្ភអំពីការកើនឡើង នៃអំពើហិង្សានៅក្នុងតំបន់៕