(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បានរាយការណ៍ថា លោកប្រធានាធិបតី Masoud Pezeshkian បានប្រាប់មន្រ្តីជាន់ខ្ពស់ របស់លោក ពូទីន កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ទីក្រុងតេហេរ៉ង់ មានបំណងពង្រីកទំនាក់ទំនងរបស់ខ្លួនបន្ថែមទៀត ជាមួយរុស្ស៉ីដែលជាដៃគូយុទ្ធសាស្រ្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ ២០២៤។
លោក Sergei Shoigu លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់រុស្ស៉ី និងជាអតីតរដ្ឋមន្រ្តីការពារជាតិរុស្ស៉ី បានជួបប្រធានាធិបតីអ៉ីរ៉ង់ និងមន្ត្រីសន្តិសុខកំពូលៗ ខណៈដែលប្រទេសកាន់សាសនាឥស្លាមមួយនេះ កំពុងថ្លឹងថ្លែងជុំវិញការឆ្លើយតបរបស់ខ្លួន ចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស់ នៅក្នុងទឹកដីអ៉ីរ៉ង់។ ប្រធានាធិបតីអ៉ីរ៉ង់ និយាយថា ការចែករំលែកតួនាទីរវាងអ៉ីរ៉ង់ និងរុស្ស៉ីក្នុងលើកកម្ពស់ពិភពលោកពហុប៉ូលមួយ ប្រាកដជានឹងនាំឱ្យសន្តិសុខ និងសន្តិភាពពិភពលោកកាន់តែខ្លាំង។ ជុំវិញបញ្ហាអ៉ីស្រាអែល លោក Pezeshkian បានប្រាប់លោក Shoigu ថាសកម្មភាពឧក្រិដ្ឋរបស់អ៉ីស្រាអែល ក្នុងតំបន់ហ្កាហ្សា និងការធ្វើឃាត លោក Haniyeh គឺជាឧទាហរណ៍នៃការរំលោភច្បាប់ និងបទប្បញ្ញត្តិទាំងអស់របស់អន្តរជាតិ។
គួរបញ្ជាក់ថា រុស្ស៉ី បានបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយអ៉ីរ៉ង់ ចាប់តាំងពីដើមដំបូងនៃសង្រ្គាមឈ្លានពានអ៊ុយក្រែន ហើយថាកំពុងរៀបចំចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការទូលំទូលាយ ជាមួយគ្នាទៀតផង។ លោក ពូទីន មិនទាន់ធ្វើការអត្ថាធិប្បាយទេ អំពីភាពតានតឹងនាពេលថ្មីៗនេះ តែក្រុមមន្រ្តីជាន់ខ្ពស់រុស្ស៉ីបាននិយាយថា អ្នកនៅពីក្រោយការសម្លាប់ លោក Haniyeh កំពុងស្វែងការបំផ្លាញក្តីសង្ឃឹម អំពីសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា និងចង់ទាញឱ្យសហរដ្ឋអាមេរិកចូលធ្វើសកម្មភាពយោធា៕