(ណៃពិដោ)៖ ប្រមុខរដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃអង្គារនេះថា យោធាមីយ៉ាន់ម៉ា បានដកថយកងកម្លាំង ចេញពីទីតាំងមួយចំនួន នៅក្បែរព្រំប្រទល់ប្រទេសចិន គឺដើម្បីផ្តោតអាទិភាពលើ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។
រដ្ឋ Shan នៅភាគខាងកើតមីយ៉ាន់ម៉ា បានក្លាយជាសមរភូមិចាប់តាំងតែពីចុងខែមិថុនា នៅពេលសម័្ពន្ធក្រុមឧទ្ទាម Myanmar National Democratic Alliance Army ឬហៅកាត់ថា MNDAA បានចាប់ផ្តើមឡើងវិញ នូវប្រតិបត្តិការវាយលុកប្រឆាំកងកម្លាំងសន្តិសុខរបស់យោធា នៅតាមបណ្តោយច្រកផ្លូវពាណិជ្ជកម្មសំខាន់មួយ ភ្ជាប់ទៅកាន់ប្រទេសចិន។
មេដឹកនាំរបបសឹក លោក Min Aung Hlaing បាននិយាយកាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះថា ពាក់ព័ន្ធស្ថានការណ៍នៅរដ្ឋ Shan កងកម្លាំងសន្តិសុខ បានសម្រេចចិត្តដកថយ ចេញពីទីតាំងរបស់ពួកគេ ក្រោយបានពិចារណាលើស្ថានភាពសន្តិសុខ នៅតាមតំបន់ទាំងនោះ ហើយនិងសុវត្ថិភាពរបស់ប្រជាជន។ លោក Min Aung Hlaing បានបន្តថា រដ្ឋាភិបាលយោធា នឹងបន្តព្យាយាមប្រឹងប្រែង ធានាសន្តិភាពនិងស្ថិរភាព មិនត្រឹមសម្រាប់រដ្ឋ Shan ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសជាតិទាំងមូល។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោកធ្វើឡើង ក្រោយសម្ព័ន្ធ MNDAA បានអះអាងកាលពីចុងសប្តាហ៍មុនថា ពួកគេទើបតែដណ្តើមកាន់កាប់បានទាំងស្រុង លើទីស្នាក់ការនៃបញ្ជាការដ្ឋានយោធាភូមិភាគឦសាន ក្នុងទីក្រុង Lashio បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍។ កាលពីថ្ងៃចន្ទ អ្នកនាំពាក្យរបបសឹក បានទទួលស្គាល់ថា យោធាបានបាត់បង់ការទាក់ទង ជាមួយក្រុមមន្រ្តីយោធាប្រចាំទីបញ្ជាការនោះ ដែលទំនងជាត្រូវបានក្រុមឧទ្ទាមចាប់ខ្លួន។ ប្រទេសអាស៊ានមួយនេះ បានធ្លាក់ទៅក្នុងភាពចលាចលធ្ងន់ធ្ងរ ចាប់តាំងពីរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោងសាន ស៊ូជី៕