(ញូវយ៉ក)៖ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា សមាជិក ៩នាក់នៃទីភ្នាក់ងារជួយសង្រ្គោះ និងការងារ សម្រាប់ប៉ាឡេស្ទីន (UNWRA) ប្រហែលជាអាចពាក់ព័ន្ធនឹងការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំមុន របស់ក្រុមហាម៉ាសលើអ៉ីស្រាអែល ហើយត្រូវបានបញ្ឈប់ពីការងារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ ២០២៤។

អ្នកនាំពាក្យរង លោក Farhan Haq បានប្រាប់សន្និសីទ UN ដូច្នេះថា «សម្រាប់បុគ្គល ៩នាក់ មានភស្តុតាងគ្រប់គ្រាន់ ដើម្បីសន្និដ្ឋានថា ពួកគេប្រហែលជាពាក់ព័ន្ធក្នុងការវាយប្រហារថ្ងៃទី៧ តុលា»។ លោក Haq សំដៅទៅលើការរកឃើញពី ការិយាល័យសេវាត្រួតពិនិត្យកិច្ចការផ្ទៃក្នុងរបស់ UN ដែលបានបញ្ចប់ការស៉ើបអង្កេតលើការចោទប្រកាន់ ដែលថា មានការចូលរួមពីបុគ្គលិក UNRWA ចំនួន ១៩នាក់ ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស ហើយដែលពីរនាក់បានស្លាប់ តាំងពីពេលនោះមក។ លោក Haq និយាយថា សេចក្តីប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះ ក៏បញ្ជាក់ផងដែរពី ការបណ្តេញពួកគេទាំង ៩នាក់ចេញពីការងារ។ ចំណែក ឯកសារ​នៅ​សេសសល់​នឹង​ត្រូវ​ពិនិត្យឡើងវិញ។ លោក Haq បញ្ជាក់ថា «សម្រាប់ពួកយើង គ្រប់អ្នកចូលរួមទាំងអស់ក្នុងការវាយប្រហារ គឺស្មើនឹងក្បត់​ចំពោះ​ប្រភេទ​ការងារ​ដែល​ត្រូវ​ធ្វើ​ ដើម្បី​ប្រជាជន​ប៉ាឡេស្ទីន»

គួរបញ្ជាក់ថា UN បានបើកការស៉ើបអង្កេតមួយ បន្ទាប់អ៉ីស្រាអែលចោទប្រកាន់បុគ្គលិក ១២នាក់របស់ UNRWA កាលពីខែមករា ថាបានចូលរួមក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស នៅថ្ងៃទី៧ ខែតុលា ដែលបង្កជាសង្រ្គាមនៅតំបន់ហ្កាហ្សា មកទល់សព្វថ្ងៃ។ ករណីចំនួន ៧បន្ថែមទៀតត្រូវបាននាំយកទៅឱ្យ UN តាមដាននៅក្នុងខែមីនា និងខែមេសា៕