(សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានចេញសេចក្តីណែនាំដល់ពលរដ្ឋរបស់ខ្លួន ដែលកំពុងស្ថិតនៅអ៉ីស្រាអែលនិងលីបង់ ឱ្យចាកចេញពីប្រទេសទាំង២ជាបន្ទាន់ តាមតែអាចធ្វើទៅបាន ដោយសារតែការកើនឡើងភាពតានតឹង នៅតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។

លោក Lee Jae-woong អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា សេចក្តីណែនាំខាងលើត្រូវបានធ្វើឡើង បន្ទាប់ពីមេបញ្ជាការយោធាជាន់ខ្ពស់ម្នាក់ របស់ក្រុម Hezbollah នៅលីបង់ ហើយនិងមេដឹកនាំនយោបាយរបស់ហាម៉ាស ដែលជាក្រុមប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា ត្រូវបានសម្លាប់។ ក្រុមហាម៉ាសនិងក្រុម Hezbollah សុទ្ធតែមាន អ៉ីរ៉ង់ជាខ្នងបង្អែក។ ការធ្វើឃាតអ្នកទាំងពីរ បានកើតឡើងកាលពីចុងខែកក្កដាកន្លងទៅ ក្រោយមានការវាយប្រហារដោយរ៉ុក្កែតសម្លាប់ កុមារនិងក្មេងជំទង់សរុបជាង១០នាក់ នៅឯតំបន់ Golan Heights របស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង បច្ចុប្បន្នមានជនជាតិកូរ៉េខាងត្បូងជាង៥០០នាក់ កំពុងស្ថិតនៅអ៉ីស្រាអែល និងប្រមាណ១២០នាក់ នៅលីបង់។ មេដឹកនាំផ្នែកនយោបាយ របស់ក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានសម្លាប់ នៅរដ្ឋធានីតេហេរ៉ង់នៃប្រទេសអ៉ីរ៉ង់ ខណៈសកម្មភាពធ្វើឃាតនោះ បានបង្កឱ្យមាន ការគំរាមកំហែងសងសឹកវិញលើអ៉ីស្រាអែល ហើយបានបង្កើនភាពតានតឹងខ្លាំងថែមមួយកម្រិតទៀតថា ជម្លោះនៅហ្កាហ្សាអាចនឹងប្រែក្លាយទៅជា សង្រ្គាមទ្រង់ទ្រាយធំពេញមជ្ឈិមបូព៌ា​ទាំងមូល។ ទីក្រុងវ៉ាស៉ីនតោន បាននិងកំពុងទទូចឱ្យបណ្តាប្រទេសដទៃទៀត ប្រើប្រាស់ឆាណែលការទូត ដើម្បីជួយបញ្ចុះបញ្ចូល​អ៉ីរ៉ង់ថា ការកើនឡើងភាពតាននឹងនៅតំបន់មជ្ឈិមបូព៌ា មិនមែនជាប្រយោជន៍សម្រាប់ទីក្រុងតេហេរ៉ង់ឡើយ៕