(ការ៉ាកាស)៖ អគ្គមេធាវីនិយាយថា វ៉េណេស៊ុយអេឡាកំពុងបើកការស៉ើបអង្កេតឧក្រិដ្ឋកម្ម ប្រឆាំងនឹងក្រុមមេដឹកនាំ នៃគណបក្សប្រឆាំង ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតកាលពីខែមុន ពីបទញុះញង់ឱ្យមន្ត្រីប៉ូលិស និងយោធាបំពានច្បាប់ ខណៈដែលកម្លាំងសន្តិសុខរបស់ប្រទេស កំណត់គោលដៅលើអ្នកដែលនិយាយថា បានប្រព្រឹត្តអំពើហិង្សាក្នុងពេលតវ៉ា ជុំវិញការបោះឆ្នោត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ ២០២៤។
ការប្រកាសបើកការស៉ើបអង្កេតដោយ លោក Tarek Saab អគ្គមេធាវីរបស់ប្រទេសវ៉េណេស៊ុយអេឡា ធ្វើឡើងបន្ទាប់ពីមាន ការបង្ហោះលិខិតមួយច្បាប់លើបណ្តាញសង្គម X របស់បេក្ខជនប្រធានាធិបតី នៃគណបក្សប្រឆាំង លោក Edmundo Gonzalez និងមេដឹកនាំរបស់បក្ស លោកស្រី Maria Corina Machado ដែលអំពាវនាវឱ្យកងកម្លាំងសន្តិសុខ ងាកមកគាំទ្រប្រជាជន ហើយគោរពលទ្ធផលបោះឆ្នោត ដែលពួកគេនិយាយថាពួកគេបានឈ្នះ។
ស្របពេលជាមួយគ្នានេះ កងកម្លាំងសន្តិសុខវ៉េណេស៊ុយអេឡា ចាប់ផ្តើមកំណត់គោលដៅអ្នកប្រព្រឹត្តអំពើហិង្សា អំឡុងពេលធ្វើបាតុកម្ម នៅក្នុងប្រតិបត្តិការមួយដែលក្រុមតស៊ូមតិនិយាយថា បានធ្វើឱ្យក្រុមអ្នកតវ៉ាមានការភ័យខ្លាច។ អ្នកតស៊ូមតិ ៣ក្រុមបានប្រាប់ Reuters ថាកងកម្លាំងសន្តិសុខកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីចាប់ខ្លួនអ្នកតវ៉ា រួមទាំងអនីតិជនផងដែរ។
ប្រធានាធិបតី លោក Nicolas Maduro និងក្រុមមន្រ្តីផ្សេងទៀតនិយាយថា ប្រតិបត្តិការនោះគឺកំណត់គោលដៅ ទៅលើអ្នកនៅពីក្រោយអំពើហិង្សា នៅឯការតវ៉ា ដែលពួកគេចាត់ទុកថាជា «ឧក្រិដ្ឋជនហ្វាស៉ីសនិយម»។
គួរបញ្ជាក់ថា ការអះអាងរបស់ លោក Maduro ថាលោកបានឈ្នះអាណត្តិទី ៣ នៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា បានបង្កឱ្យមានការតវ៉ាដ៏ខឹងសម្បារពីសំណាក់ប្រជាជនទូទាំងប្រទេស កាលពីសប្តាហ៍មុន និងទាមទារឱ្យលោក ចុះចេញពីតំណែង ដោយឱ្យ លោក Gonzalez ជាអ្នកឈ្នះវិញ៕