(ហ៉ីរ៉ូស៉ីម៉ា)៖ នាថ្ងៃអង្គារនេះ ទីក្រុង Hiroshima នៃប្រទេសជប៉ុន បានរៀបចំប្រារព្ធពិធីរំលឹកខួបទី៧៩ នៃការទម្លាក់គ្រាប់បែកបរមាណូ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ដែលបានបណ្តាលមនុស្សសរុបប្រហែល ១៤០,០០០នាក់ បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។

អំឡុងពិធីខាងលើ អភិបាលទីក្រុង Hiroshima លោក Kazumi Matsui បាននិយាយថា ជម្លោះផ្សេងៗនៅលើពិភពលោក តួយ៉ាងដូចជាសង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែន និងសង្រ្គាមអ៉ីស្រាអែលនៅតំបន់ហ្កាហ្សា ជាដើម កំពុងធ្វើឱ្យភាពមិនជឿទុកចិត្តគ្នា និង​ការភ័យខ្លាចកាន់តែចាស់ឫសជ្រៅទៅៗ ក្នុងចំណោមប្រទេសជាតិនានា ហើយប្រការនេះជួយពង្រឹងបន្ថែមទៀតនូវការសន្និដ្ឋានដែលថា ដើម្បីអាចដោះស្រាយបញ្ហាអន្តរជាតិបាន គឺពួកយើងចាំបាច់ត្រូវតែពឹងផ្អែកលើកម្លាំងយោធា ស្របពេលដែលតាមពិត យើងគួរតែនាំគ្នាច្រានចោលគំនិតបែបនេះ។

គួរបញ្ជាក់ថា ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការវាយប្រហារនុយក្លេអ៊ែរលើទីក្រុង Hiroshima ពោលគឺនៅថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥ គ្រាប់បែកបរមាណូអាមេរិកទី២ ក៏ត្រូវបានទម្លាក់ទៅលើទីក្រុង Nagasaki របស់ជប៉ុនថែមទៀត ហើយជាលទ្ធផល វាបានបង្ក​ឱ្យមនុស្សសរុបប្រមាណ ៧៤,០០០នាក់ស្លាប់។ គ្រាប់បែកបរមាណូទាំង២គ្រាប់ បាននាំទៅដល់ការបិទបញ្ចប់ទាំងស្រុងនៃ​សង្រ្គាមលោកលើកទី២ ហើយមកទល់សព្វថ្ងៃ ជប៉ុនបន្តជាប្រទេសតែមួយគត់ ដែលធ្លាប់រងការវាយប្រហារដោយនុយក្លេអ៊ែរ អំឡុងពេលសង្រ្គាម៕