(ហ្កាហ្សា)៖ មេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី នៅថ្ងៃអង្គារនេះថា ការសម្លាប់មេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh គឺជាចេតនាអូសបន្លាយសង្រ្គាមនៅតំបន់ហ្កាហ្សា ហើយនឹងធ្វើឱ្យការចរចាលើការដោះស្រាយវិបត្តិកាន់តែស្មុគស្មាញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ ២០២៤។
ទីភ្នាក់ងារព័ត៌មាន RIA របស់រុស្ស៉ីបានដកស្រង់សម្តីលោក Abbas ដែលគូសបញ្ជាក់ថា «គ្មានអ្វីគួរឱ្យសង្ស័យទេពីបំណងនៃការធ្វើឃាត លោក Haniyeh នោះគឺដើម្បីអូសបន្លាយ និងពង្រីកវិសាលភាពនៃសង្រ្គាម។ វាក៏នឹងជះឥទ្ធិពលអវិជ្ជមានដល់ការចរចា ដែលកំពុងបន្តដើម្បីបញ្ចប់សកម្មភាពឈ្លានពាន និងការដកកងទ័ពអ៉ីស្រាអែលចេញពីតំបន់ហ្កាហ្សា»។ លោក Abbas បន្ថែមថា «យើងចាត់ទុកថានេះជាទង្វើកំសាក និងជាការអភិវឌ្ឍដ៏គ្រោះថ្នាក់ក្នុងនយោបាយអ៉ីស្រាអែល»។
គួរបញ្ជាក់ថា លោក Haniyeh ត្រូវបានគេធ្វើឃាតនៅក្នុងរដ្ឋធានីតេហេរ៉ង់ នៃប្រទេសអ៉ីរ៉ង់ កាលពីសប្តាហ៍មុន។ មកទល់នឹងពេលនេះ អ៉ីស្រាអែល មិនបានទទួលស្គាល់ ឬបញ្ជាក់អ្វីទេជុំវិញការស្លាប់នេះ ប៉ុន្តែអ៉ីរ៉ង់ និងហាម៉ាសបានចោទប្រកាន់អ៉ីស្រាអែល ហើយប្តេជ្ញាសងសឹក ដែលជំរុញឱ្យមានការព្រួយបារម្ភថាជម្លោះក្នុងតំបន់ហ្កាហ្សា អាចរាលដាលទៅជាសង្រ្គាមនៅមជ្ឈិមបូព៌ា៕