(វ៉ាស៊ីនតោន)៖ ទាហានអាមេរិកយ៉ាងហោច ៥នាក់ បានរងរបួសនៅក្នុងការវាយប្រហារលើមូលដ្ឋានទ័ពមួយ នៅក្នុងប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃចន្ទ ទី៥ ខែសីហា ខណៈតំបន់មជ្ឈិមបូព៌ាកំពុងប្រឈមមុខនឹងហានិភ័យនៃការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមករវាងអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួន ជាមួយអ៉ីស្រាអែល បន្ទាប់ពី មេដឹកនាំហាម៉ាសម្នាក់ និងមេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុម Hezbollah ត្រូវបានសម្លាប់កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីមន្ត្រីសន្តិសុខអ៉ីរ៉ាក់ ២រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដែលបានបញ្ជាក់ថាគ្រាប់រ៉ុក្កែតប្រភេទ Katyusha ចំនួន ២គ្រាប់ត្រូវបានបាញ់តម្រង់លើមូលដ្ឋានទ័ព al Asad ស្ថិតនៅភាគខាងលិចប្រទេសអ៉ីរ៉ាក់។ មន្ត្រីសន្តិសុខអ៉ីរ៉ាក់ម្នាក់ក្នុងចំណោម ២នាក់ខាងលើ បានបន្ថែមថាគ្រាប់រ៉ុក្កែត បានធ្លាក់ក្នុងមូលដ្ឋានទ័ពនេះតែម្ដង តែវាមិនច្បាស់ថាតើការវាយប្រហារនេះមានជាប់ពាក់ព័ន្ធនឹងការគំរាមសងសឹករបស់អ៉ីរ៉ង់ ជុំវិញ ការធ្វើឃាតមេដឹកនាំនយោបាយហាម៉ាស លោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់ ដែរឬក៏យ៉ាងនោះទេ។
ដោយឡែក ខាងក្រុមមន្ត្រីអាមេរិកវិញ ក៏បានប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែរថាក្នុងចំណោមទាហានអាមេរិកដែលរងរបួស មានម្នាក់រងរបួសធ្ងន់ ប៉ុន្តែថានេះជាសេចក្ដីរាយការណ៍បឋម បានន័យអាចនឹងមានការប្រែប្រួលណាមួយក៏ថាបាន។
គួរបញ្ជាក់ថា អ៉ីរ៉ង់ កាលពីសប្ដាហ៍មុន បានគំរាមថានឹងសងសឹកអ៉ីស្រាអែល សម្រាប់ការសម្លាប់លោក Ismail Haniyeh ហើយព្រមពេលជាមួយគ្នា តេហេរ៉ង់ ថែមទាំងបានព្រលយទៀតផងថាសហរដ្ឋអាមេរិកក៏ចូលរួមចំណែកទទួលខុសត្រូវលើការធ្វើឃាតមេដឹកនាំហាម៉ាសរូបនេះដែរ ដោយសារតែការគាំទ្រអ៉ីស្រាអែល៕