(Reuters)៖ របបសឹកមីយ៉ាន់ម៉ា បានដាច់ការទាក់ទងជាមួយក្រុមមន្ត្រីជាន់ខ្ពស់របស់ខ្លួន ឈរជើងនៅឯមូលដ្ឋានទ័ពដ៏សំខាន់មួយស្ថិតនៅក្បែរព្រំដែនចិន ដែលនេះជា ការទទួលស្គាល់ដ៏កម្រមួយពីបរាជ័យនៅលើសមរភូមិ បន្ទាប់ពីក្រុមឧទ្ទាមប្រកាសថាពួកគេវាយដណ្ដើមបានទីស្នាក់ការកណ្ដាលដ៏សំខាន់មួយរបស់កងទ័ព។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សម័្ពន្ធក្រុមឧទ្ទាម Myanmar National Democratic Alliance Army ឬហៅកាត់ថា MNDAA បានបង្ហាញរូបភាពកងកម្លាំងរបស់ខ្លួនចូលគ្រប់គ្រងមូលដ្ឋានទ័ព ក្នុងទីក្រុង Lashio កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ MNDAA ក៏ធ្លាប់បានអះអាងកាលពីថ្ងៃទី២៥ ទីកក្កដាកន្លងទៅដែរពីការវាយដណ្ដើមគ្រប់គ្រងលើមូលដ្ឋានទ័ពមួយនេះ ប៉ុន្តែនៅពេលនោះ បាននិយាយថាពួកគេនៅតែបន្តការប្រយុទ្ធដើម្បីអាចគ្រប់គ្រងមូលដ្ឋានទ័ពនេះទាំងស្រុង។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យកងទ័ពរបបសឹកមីយ៉ាន់ម៉ា លោក Zaw Min Tun បានបញ្ជាក់កាលពីថ្ងៃចន្ទ ទី៥ ខែសីហា ថាកងទ័ពរបបសឹកបានដាច់ការទាក់ទង ជាមួយក្រុមមន្ត្រីប្រចាំទីបញ្ជាការមួយដែលកំពុងស្ថិតនៅក្រោមការឡោមព័ទ្ធ ក្រោយការវាយប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកអស់រយៈពេលជាច្រើនសប្ដាហ៍នៅក្នុង និងនៅជុំវិញទីក្រុង Lashio។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រុមមន្ត្រីទាំងនោះប្រហែលជាត្រូវបានចាប់ខ្លួន តែថាត្រូវការផ្ទៀងផ្ទាត់ព័ត៌មានលម្អិតបន្ថែមទៀត។ ប៉ុន្តែ លោក Zaw Min Tun មិនបានបញ្ជាក់ថាតើមានក្រុមមន្ត្រីប៉ុន្មាននាក់ដែលទំនងជាត្រូវបានក្រុមឧទ្ទាមចាប់ខ្លួននោះទេ។

គួរបញ្ជាក់ថា ការបាត់បង់ទីក្រុង Lashio ដែលជាទីបញ្ជាការប្រចាំតំបន់មួយក្នុងចំណោមទីបញ្ជាការប្រចាំតំបន់ចំនួន ១៤ គឺជាបរាជ័យមួយដ៏ធំសម្រាប់របបសឹកមីយ៉ាន់ម៉ា ចាប់តាំងពីបានបាត់បង់ទឹកដីជាបន្តបន្ទាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយកងកម្លាំងឧទ្ទាម នៅក្នុងរដ្ឋ Shan នៃភាគឦសានប្រទេសជាប់ព្រំដែនជាមួយចិន កាលពីឆ្នាំមុនមក៕