(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បាន និងកំពុងជំរុញបណ្ដាប្រទេសដទៃ តាមរយៈបណ្ដាញការទូតឱ្យប្រាប់អ៉ីរ៉ង់ថាការបង្កើនជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា មិនមែនជាប្រយោជន៍ របស់ពួកគេនោះទេ បន្ទាប់ពីទីក្រុងតេហេរ៉ង់សន្យាថានឹងសងសឹកអ៉ីស្រាអែលវិញ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។
អ្នកនាំពាក្យខាងលើដដែល បានបញ្ជាក់ទៀតថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចាត់ទុកស្ថានការណ៍បច្ចុប្បន្នគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់តំបន់ មជ្ឈិមបូព៌ា។ លោក Blinken កាលពីថ្ងៃចន្ទ ទី៥ ខែសីហា បាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានចូលរួមក្នុងកិច្ចប្រឹងប្រែងការទូតយ៉ាងសកម្ម ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង ចំពោះមុខការភ័យខ្លាចថាអ៉ីរ៉ង់កំពុងត្រៀមលក្ខណៈវាយប្រហារសងសឹកប្រឆាំងអ៉ីស្រាអែល ដែលក្រុមអ្នកវិភាគបារម្ភថាអាចនឹងបង្កទៅជាសង្រ្គាមទ្រង់ទ្រាយធំ។
«គ្រប់ភាគីទាំងអស់ត្រូវតែចៀសវាងពីការបង្កើនភាពតានតឹង។ គ្រប់ភាគីទាំងអស់ត្រូវតែចាត់វិធានការដើម្បីបន្ធូរបន្ថយភាពតានតឹង។ ការបង្កើនភាពតានតឹងមិនមែនជាប្រយោជន៍ សម្រាប់អ្នករាល់គ្នានោះទេ ប៉ុន្តែមានតែបង្កទៅជាជម្លោះបន្ថែម ការកើនឡើងអំពើហិង្សា និងអសន្តិសុខបន្ថែមតែប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់លោក Blinken អំឡុង ពិធីចុះហត្ថលេខាមួយជាមួយសមភាគីអូស្ត្រាលីរបស់លោក ក្នុងទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់មជ្ឈិមបូព៌ា បានកើនឡើងកាន់តែខ្លាំង ក្រោយមេដឹកនាំនយោបាយក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានសម្លាប់ក្នុងការវាយប្រហារ នៅទីក្រុងតេហេរ៉ង់ ប្រទេសអ៉ីរ៉ង់កាលពីសប្ដាហ៍មុន។ អ៉ីរ៉ង់ និងហាម៉ាសបានចោទប្រកាន់ថាការធ្វើឃាតនេះជាស្នាដៃរបស់អ៉ីស្រាអែល ហើយបានព្រមានថាត្រូវតែសងសឹកអ៉ីស្រាអែល វិញ៕