(វ៉ាស៊ីនតោន)៖ នៅបន្ទាប់ពីមេដឹកនាំនយោបាយក្រុមហាម៉ាស ដែលជាអ្នកដឹកនាំកិច្ចចរចាស្ដីពីបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង លោក Ismail Haniyeh ត្រូវបានសម្លាប់ ក្នុងទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅ អ៉ីរ៉ង់ និងហាម៉ាសបានចោទប្រកាន់ភ្លាមៗថាអ៉ីស្រាអែល ជាអ្នកនៅពីក្រោយការធ្វើឃាតនេះ។ ក្រុមអ្នកជំនាញយល់ថាតាមរយៈការជ្រើសពេលវេលា និងទីតាំងធ្វើឃាតលោក Haniyeh ពោលគឺតែប៉ុន្មានម៉ោង ក្រោយការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអ៉ីរ៉ង់ថ្មី លោក Masoud Pezeshkian វាមិនមែនជារឿងចៃដន្យឡើយ។ តួយ៉ាង អតីតអនុប្រធាន ក្រុមប្រឹក្សាសន្តិសុខជាតិអ៉ីស្រាអែល លោក Eran Etzion បាននិយាយថាលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu មានចេតនាញុះឱ្យអ៉ីរ៉ង់សងសឹក វិញ ដែលអាចធ្វើឱ្យសង្រ្គាមធំមួយផ្ទុះឡើង ដើម្បីទាញឱ្យសហរដ្ឋអាមេរិកលូកដៃចូលជួយអ៉ីស្រាអែល​ប្រឆាំងនឹងអ៉ីរ៉ង់។

អ៉ីស្រាអែល មកទល់នឹងពេលនេះ មិនបានប្រកែក ហើយក៏មិនបានទទួលស្គាល់ថាខ្លួនជាអ្នកសម្លាប់លោក Haniyeh ដែរឬក៏យ៉ាងណានោះទេ។ តែក្រុម មន្ត្រីអ៉ីស្រាអែលធ្លាប់បានប្រកាសជាសាធារណៈថានឹងតាមសម្លាប់ផ្ដាច់ពូជមេដឹកនាំក្រុមហាម៉ាស ក្នុងនោះរួមមានទាំងលោក Haniyeh ជាដើម។ ជាការពិតណាស់ អ៉ីស្រាអែលអាចប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរ ដោយសារសង្រ្គាមទ្រង់ទ្រាយធំមួយក្នុងតំបន់មជ្ឈិមបូព៌ា។ ក៏ប៉ុន្តែ សង្រ្គាមបែបនេះ អាចនឹងផ្ដល់ផលចំណេញដល់លោក Netanyahu ក្រោមហេតុផល ៣យ៉ាង៖

ម្យ៉ាង៖ ការធ្វើឃាតលោក Haniyeh បានសម្លាប់ក្ដីសង្ឃឹមថាបទឈប់បាញ់បន្ទាន់មួយអាចកើតឡើងភ្លាមៗ ឬក្នុងពេលដ៏ខ្លីខាងមុខ។ លោក Netanyahu បានបង្ហាញការជំទាស់ជារឿយៗទៅនឹងកិច្ចព្រមព្រៀងដែលនាំទៅរកការបិទបញ្ចប់សង្រ្គាមហ្កាហ្សា។ តាមកាសែតអ៉ីស្រាអែល Haaretz ក្នុងកិច្ចចរចា នាពេលកន្លងមក នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះតែងតែបញ្ចេញព័ត៌មានសម្ងាត់ ទៅកាន់បណ្ដាប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងខណៈពេលដ៏សំខាន់ដែលកិច្ចចរចា ជិតសម្រេចបានលទ្ធផលផ្លែផ្កា ដើម្បីបំផ្លាញកិច្ចចរចា។ មិនតែប៉ុណ្ណោះ សូម្បីតែប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ធ្លាប់លើកឡើងដោយប្រយោលដែរថា លោក Netanyahu មានចេតនាអូសបន្លាយសង្គ្រាមហ្កាហ្សា ក្នុងគោលបំណងពន្យារអាយុជីវិតនយោបាយរបស់លោក។ នៅពេលត្រូវបានសាកសួរដោយ ទស្សនាវដ្ដីអាមេរិក TIME ថាតើលោក Netanyahu កំពុងអូសបន្លាយសង្រ្គាម ដើម្បីអាយុជីវិតនយោបាយរបស់ខ្លួន ឬក៏យ៉ាងណា? លោក បៃដិនបានឆ្លើយថា «វាមានហេតុផលជាច្រើនអាចឱ្យគេទាញការសន្និដ្ឋានបែបនេះ»។

លោក Netanyahu ដឹងច្បាស់ជាងនរណាៗទាំងអស់ថានៅពេលដែលកិច្ចព្រមព្រៀងបទឈប់បាញ់បញ្ចប់សង្រ្គាមហ្កាហ្សា ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ត្រូវបានចុះហត្ថលេខា នោះវាក៏ជាពេលរដ្ឋាភិបាលរបស់លោកត្រូវដួលរលំ ហើយលោកក៏ត្រូវប៉ើងខ្ទាតចេញពីតំណែងជានាយករដ្ឋមន្ត្រីដែរ ឬអាចរហូតដល់ថ្នាក់ ត្រូវបានតុលាការសើរើឡើងវិញ ពីសំណុំរឿងពុករលួយរបស់លោកទៀតផង ប្រសិនបើលោកអស់អំណាច។ ម្លោះហើយ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ ដើម្បីសម្លាប់កិច្ចចរចា នោះគឺមានតែសម្លាប់អ្នកដឹកនាំកិច្ចចរចារបស់ភាគីជម្លោះម្ខាងទៀត។

ហេតុផលទី២៖ ការសម្លាប់លោក Haniyeh អាចនឹងបំផ្លាញកិច្ចប្រឹងប្រែងស្វែងរកបទឈប់បាញ់របស់រដ្ឋបាលលោក ចូ បៃដិន និងគណបក្សប្រជាធិបតេយ្យ ដែលនេះជាការផ្ដល់ឱកាសបន្ថែមឱ្យលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីសាជាថ្មី និងដើម្បីរារាំងកុំឱ្យលោកស្រី Kamala Harris ជាប់ឆ្នោតជា ប្រធានាធិបតី។ ដូចគ្នាទៅលោក បៃដិន លោកស្រី Harris បានរិះគន់លោក Netanyahu ជាសាធារណៈជុំវិញសង្រ្គាមហ្កាហ្សា។ ជាក់ស្ដែង កាលពីសប្ដាហ៍មុន លោកស្រី Harris បានប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅឯជំនួបជាមួយលោក Netanyahu ក្នុងទីក្រុងវ៉ាស៊ីនតោន លោកស្រីផ្ទាល់បានប្រាប់ លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែលថា «វាដល់ពេលហើយដែលត្រូវសម្រេចឱ្យបាននូវបទឈប់បាញ់»។ ភាសាសោះកក្រោះ ការបង្ហាញក្ដីអាណិតអាសូររបស់ លោកស្រី Harris ចំពោះប្រជាជនប៉ាឡេស្ទីន និងការរិះគន់អ៉ីស្រាអែលជាសាធារណៈគឺជារឿងដែលលោក Netanyahu មិនអាចងាយនឹងបំភ្លេចបានទេ។

ហេតុផលទី៣៖ ការសម្លាប់លោក Haniyeh ក៏អាចបំផ្លាញកិច្ចចរចាមួយផ្សេងទៀតនៅពេលអនាគតផងដែរ នោះគឺកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ តាមពិតទៅ ការជាប់ឆ្នោតរបស់លោក Pezeshkian បានផ្ដល់ក្ដីសង្ឃឹមខ្លះៗរួចទៅហើយសម្រាប់ការចាប់ផ្ដើមកិច្ចចរចាស្ដីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ ជាពិសេសបន្ទាប់ពីប្រធានាធិបតីអ៉ីរ៉ង់ថ្មីរូបនេះ បានបង្ហើបពីចេតនាចង់ចរចាជាមួយសហរដ្ឋអាមេរិក។ ប៉ុន្តែ ការកើនឡើងភាពតានតឹង ដោយសារ ការសម្លាប់លោក Haniyeh បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ក្ដីសង្ឃឹមថាលោក Pezeshkian អាចនឹងទុកចន្លោះនយោបាយមួយ ដើម្បីបើកផ្លូវចរចាជាមួយអាមេរិក ។ ការសន្និដ្ឋានបែបនេះបានលេចចេញជារូបរាងកាន់តែច្បាស់ នៅក្រោយពេលទីក្រុងតេហេរ៉ង់ បានចោទថាអ៉ីស្រាអែលជាអ្នកធ្វើឃាតលោក Haniyeh ដោយ មានការយល់ព្រមពីសហរដ្ឋអាមេរិក។ ក្នុងលិខិតមួយច្បាប់ផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំ UN បាននិយាយថា «ការធ្វើឃាតលោក Haniyeh នឹងមិនអាចធ្វើទៅរួចឡើយ ប្រសិនបើគ្មានការយល់ព្រម និងការផ្ដល់ជំនួយខាងព័ត៌មានសម្ងាត់ពីសហរដ្ឋអាមេរិក»។

ដូច្នេះ ដោយសារតែការប្រឆាំងជំទាស់របស់អ៉ីស្រាអែលទៅនឹងការស្ដារទំនាក់ទំនងណាមួយរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ការជ្រើសរើសពេលវេលា និងទីតាំងធ្វើឃាត លោក Haniyeh ក្នុងបរិបទនៃការស្បថចូលកាន់តំណែងរបស់លោក Pezeshkian មិនមែនជារឿងចៃដន្យនោះទេ។ លោក Netanyahu បានព្យាយាមអស់រយៈពេល ជាង ២ទសវត្សរ៍មកហើយ ដើម្បីទាញសហរដ្ឋអាមេរិកឱ្យធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ហើយក្នុងនោះមានប្រធានាធិបតីអាមេរិក ៤រូប សុទ្ធតែបានប្រឈមមុខនឹងសម្ពាធពី អ៉ីស្រាអែលឱ្យបើកការវាយប្រហារលើអ៉ីរ៉ង់។ នៅក្រោមក្រសែភ្នែករបស់អ៉ីស្រាអែល អន្តរាគមន៍ដោយផ្ទាល់របស់សហរដ្ឋអាមេរិក មិនមែនផ្ដោតត្រឹមតែលើរោងចក្រ នុយក្លេអ៊ែររបស់អ៉ីរ៉ង់ប៉ុណ្ណោះទេ។ សម្រាប់អ៉ីស្រាអែល អ៉ីរ៉ង់គឺជាបន្លារនៅក្នុងភ្នែកដែលដាច់ខាតត្រូវតែដកចេញឱ្យទាល់តែបាន ហើយកិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយ ដែលរារាំងអ៉ីរ៉ង់មិនឱ្យផលិតអាវុធនុយក្លេអ៊ែរ នឹងមិនអាចកម្ចាត់ឥទ្ធិពលរបស់អ៉ីរ៉ង់ក្នុងតំបន់មជ្ឈិមបូព៌ាបានឡើយ។ ជាក់ស្ដែង ការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ក្រោម កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានចុះហត្ថលេខាដោយអតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានទុកឱកាសឱ្យអ៉ីរ៉ង់ពង្រឹងសមត្ថភាពយោធា កាន់តែរីកចម្រើនទៅមុខ។

ការធ្វើឃាតលោក Haniyeh នៅក្នុងទីក្រុងតេហេរ៉ង់ ត្រូវបានក្រុមអ្នកជំនាញដូចជាលោក Trita Parsi មកពីវិទ្យាស្ថាន Quincy Institute for Responsible Statecraft យល់ថាទំនងជាមានគោលដៅជំរុញឱ្យអ៉ីរ៉ង់សងសឹកវិញ ក្នុងទម្រង់ងាយនឹងបង្កទៅជាសង្រ្គាមទ្រង់ទ្រាយធំមួយ ដែលអាចទាញសហរដ្ឋអាមេរិកឱ្យចូលរួមដែរ។ កាលពី ខែមេសាកន្លងទៅ រដ្ឋបាលលោក ចូ បៃដិនបានចូលរួមចំណែកយ៉ាងធំ ក្នុងការទប់ស្កាត់កុំឱ្យការសងសឹកដាក់គ្នារវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ ផ្ទុះទៅជាសង្រ្គាមបន្ទាប់ពី អ៉ីស្រាអែលទម្លាក់គ្រាប់បែកលើស្ថានកុងស៊ុលអ៉ីរ៉ង់ក្នុងទីក្រុងដាម៉ាស ប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសាកន្លងទៅ។ បើតាមលោក Trita Parsi ក្នុងពេលឥលូវ សហរដ្ឋអាមេរិកនៅតែអាចទប់ស្កាត់កុំឱ្យតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ចូលក្នុងភ្លើងសង្រ្គាម លុះត្រាតែទីក្រុងវ៉ាស៊ីនតោនមានឆន្ទៈពិតប្រាកដ និងបញ្ជាក់ជាសាធារណៈឱ្យច្បាស់ពី «បន្ទាត់ក្រហម» នៅចំពោះមុខលោក Netanyahu៕