(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយនៅថ្ងៃចន្ទនេះថា អ៊ីរ៉ង់មិនសម្លឹងរកការបង្កើនភាពតានតឹងក្នុងតំបន់នោះទេ ប៉ុន្តែជឿថា ខ្លួនចាំបាច់ត្រូវដាក់ទណ្ឌកម្មអ៊ីស្រាអែល ដើម្បីទប់ស្កាត់អស្ថិរភាពបន្ថែមទៀត បន្ទាប់ពីមេដឹកនាំក្រុមហាម៉ាស់ លោក Ismail Haniyeh ត្រូវបានសម្លាប់នៅទីក្រុងតេហេរ៉ង់កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤។
លោក Nasser Kanaani បានបញ្ជាក់ថា អ៊ីរ៉ង់ខិតខំប្រឹងប្រែងដើម្បីស្ថិរភាពក្នុងតំបន់ ប៉ុន្តែការខិតខំប្រឹងប្រែងនេះ តម្រូវឱ្យមានការដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ដែលជាអ្នកឈ្លានពាន និងបង្កភាពចលាចល។ លោកបានបន្ថែមថា សកម្មភាពរបស់អ៊ីរ៉ង់ក្នុងការឆ្លើយតបនឹងអ៊ីស្រាអែល គឺជារឿងដែលជៀសមិនរួច។
លោក Kanaani បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការគាំទ្រអ៊ីស្រាអែល និងបាននិយាយថា សហគមន៍អន្តរជាតិបានបរាជ័យក្នុងកាតព្វកិច្ចរបស់ខ្លួន ក្នុងការការពារស្ថិរភាពនៅក្នុងតំបន់ ហើយគួរតែគាំទ្រ «ការដាក់ទណ្ឌកម្មលើអ្នកឈ្លានពាន»។
ក្រសួងការបរទេសអ៊ីរ៉ង់បានកោះហៅឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មដែលរស់នៅក្នុងទីក្រុងតេហេរ៉ង់ ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសស្តីទី លោក Ali Bagheri Kani នៅថ្ងៃចន្ទដដែលនេះ ដើម្បីបញ្ជាក់ជាថ្មីអំពីឆន្ទៈរបស់អ៊ីរ៉ង់ ក្នុងការឆ្លើយតបនឹងអ៊ីស្រាអែល។
លោក Kanaani ក៏បានឱ្យដឹងផងដែរថា កិច្ចប្រជុំបន្ទាន់នៃអង្គការសហប្រតិបត្តិការអ៊ីស្លាម នឹងត្រូវធ្វើឡើងនៅថ្ងៃពុធសប្តាហ៍នេះ តាមការស្នើសុំរបស់អ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីការសម្លាប់ លោក Haniyeh និងការឆ្លើយតបរបស់អ៊ីរ៉ង់។
ទីក្រុងតេហេរ៉ង់ និងក្រុមសម្ព័ន្ធមិត្តដូចជាក្រុមហាម៉ាស់ និងហេសបូឡា បានចោទប្រកាន់អ៊ីស្រាអែលថា បានសម្លាប់ លោក Haniyeh កាលពីថ្ងៃទី ៣១ ខែកក្កដា នៅក្នុងរដ្ឋធានីអ៊ីរ៉ង់។ ការស្លាប់របស់គាត់គឺជាការសម្លាប់ជាបន្តបន្ទាប់ នៃឥស្សរជនជាន់ខ្ពស់របស់ក្រុមហាម៉ាស់ ខណៈដែលសង្រ្គាមនៅតំបន់ហ្គាហ្សារវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ខិតជិតដល់ខែទី១១៕