(ដាកា)៖ ការលាលែងពីតំណែងថ្មីៗនេះរបស់នាយករដ្ឋមន្រ្តីបង់ក្លាដែស លោកស្រី Sheikh Hasina បានរំឭកឡើងវិញនូវប្រវត្តិដ៏ច្របូកច្របល់នៃប្រទេសនេះ ដែលពោរពេញទៅដោយរដ្ឋប្រហារ និងភាពចលាចលផ្នែកនយោបាយ។
ខាងក្រោមនេះជាសេចក្តីសង្ខេបអំពីប្រវត្តិនៃរដ្ឋប្រហារ និងភាពចលាចលផ្នែកនយោបាយនៅបង់ក្លាដែស៖
១. ឆ្នាំ១៩៧៥៖ ការធ្វើឃាត និងរដ្ឋប្រហារជាបន្តបន្ទាប់
នាយករដ្ឋមន្ត្រីទីមួយ Sheikh Mujibur Rahman ត្រូវបានធ្វើឃាត រួមជាមួយសមាជិកគ្រួសារភាគច្រើននៅក្នុងរដ្ឋប្រហារយោធា ដែលនាំឱ្យមានការគ្រប់គ្រងប្រទេសដោយយោធា អស់រយៈពេលជាយូរ។ រដ្ឋប្រហារពីរបន្ថែមទៀតក្នុងឆ្នាំដដែលនោះ បានបញ្ចប់ដោយការឡើងកាន់អំណាចរបស់ មេបញ្ជាការ Ziaur Rahman នៅខែវិច្ឆិកា។
២. ឆ្នាំ១៩៨១៖ ការធ្វើឃាត លោក Ziaur Rahman និងការបង្ក្រាបការបះបោរ
លោក Ziaur Rahman ត្រូវបានធ្វើឃាតដោយក្រុមឧទ្ទាមដែលបានវាយលុកចូលទៅក្នុងផ្ទះសំណាក់ របស់រដ្ឋាភិបាលនៅទីក្រុង Chittagong ជាកន្លែងដែលលោកកំពុងស្នាក់នៅ។ អំពើហិង្សានេះត្រូវបានគេជឿថា ជាទង្វើរបស់ក្រុមតូចមួយនៃមន្ត្រីកងទ័ព ប៉ុន្តែកងទ័ពខ្លួនឯងនៅតែស្មោះត្រង់ និងបានបង្ក្រាបការបះបោរ។
៣. ឆ្នាំ១៩៨២៖ រដ្ឋប្រហារដោយ លោក Hussein Muhammad Ershad
លោក Abdus Sattar ដែលជាអ្នកស្នងតំណែងរបស់ លោក Rahman ត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារយោធាដែលគ្មានការបង្ហូរឈាម ដែលដឹកនាំ ដោយ លោក Hussein Muhammad Ershad ដែលបានឡើងកាន់តំណែងជាប្រធានច្បាប់អាជ្ញាសឹក ហើយក្រោយមកបានឡើងកាន់តំណែងជាប្រធានាធិបតី។
៤. ឆ្នាំ២០០៧៖ រដ្ឋប្រហារយោធា
មេបញ្ជាការយោធាបានធ្វើរដ្ឋប្រហារ និងគាំទ្ររដ្ឋាភិបាលបណ្តោះអាសន្នរហូតដល់ លោកស្រី Hasina ឡើងកាន់អំណាចនៅឆ្នាំ២០០៩។
៥. ឆ្នាំ២០០៩៖ ការបះបោររបស់កងកម្លាំងប៉ារ៉ាយោធា
កងកម្លាំងប៉ារ៉ាយោធា មិនពេញចិត្តនឹងប្រាក់ឈ្នួល និងស្ថានភាពរស់នៅរបស់ពួកគេ បានបះបោរ និងសម្លាប់មនុស្សជាង ៧០នាក់ ដែលភាគច្រើនជាមន្ត្រីយោធា។
៦. ឆ្នាំ២០១២៖ ការប៉ុនប៉ងធ្វើរដ្ឋប្រហារដើម្បីណែនាំច្បាប់ Sharia
កងទ័ពបង់ក្លាដែសបានអះអាងថា ពួកគេបានរារាំងការប៉ុនប៉ងធ្វើរដ្ឋប្រហារដោយក្រុមមន្ត្រីយោធាមួយចំនួន ដែលមានគោលបំណងផ្លាស់ប្តូររបបនយោបាយបច្ចុប្បន្ន និងអនុវត្តច្បាប់ Sharia នៅទូទាំងប្រទេស។ ច្បាប់ Sharia គឺជាច្បាប់សាសនាឥស្លាម ដែលគ្របដណ្តប់គ្រប់ទិដ្ឋភាពនៃជីវិត រួមទាំងនយោបាយ សេដ្ឋកិច្ច និងសង្គម។
៧. ឆ្នាំ២០២៤៖ ការលាលែងពីតំណែងរបស់ លោក Sheikh Hasina និងរដ្ឋាភិបាលបណ្តោះអាសន្ន
ប្រមុខយោធាបង់ក្លាដែសបានប្រកាសថា លោកស្រី Hasina បានលាលែងពីតំណែងបន្ទាប់ពីការតវ៉ាប្រឆាំងនឹងច្បាប់កូតា ហើយរដ្ឋាភិបាលបណ្តោះអាសន្ននឹងត្រូវបានបង្កើតឡើង៕