(ព្រុចស៊ែល)៖ ក្រុមហ៊ុន Lufthansa Group បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន នឹងជៀសវាងការហោះហើរក្នុងដែនអាកាសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ រហូតដល់ថ្ងៃទី៧ ខែសីហា ដោយសារភាពតានតឹងកើនឡើងនៅមជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤។
Lufthansa Group បានលើកឡើងពីហេតុផលសន្តិសុខ ដោយសង្កត់ធ្ងន់ថា «ការវិភាគសន្តិសុខបច្ចុប្បន្ន» ជាហេតុផលសម្រាប់ការផ្អាកជើងហោះហើរ និងការជៀសវាងដែនអាកាសទាំងពីរនេះ។
ភាពតានតឹងក្នុងតំបន់បានកើនឡើងក្នុងសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស់នៅក្រុង Tehran និងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Beirut ដែលបានសម្លាប់មេបញ្ជាការកំពូលនៅក្នុងក្រុម Hezbollah។
ភាគី Hezbollah និងអ៊ីរ៉ង់បានប្តេជ្ញាថា នឹងធ្វើការសងសឹកចំពោះអ៊ីស្រាអែលចំពោះការសម្លាប់ទាំងនេះ ដែលបង្កើនក្តីបារម្ភអំពីការកើនឡើងជម្លោះក្នុងតំបន់ទៅជាសង្រ្គាមទ្រង់ទ្រាយធំមួយ។
គួរបញ្ជាក់ថា Lufthansa Group គឺជាក្រុមហ៊ុនអាកាសចរណ៍ធំបំផុតមួយនៅអឺរ៉ុប ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុននេះមានក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅក្រោមការគ្រប់គ្រងរបស់ខ្លួន រួមមាន Lufthansa, Swiss International Air Lines, Austrian Airlines, Eurowings, Brussels Airlines, និង Air Dolomiti។ Lufthansa Group ផ្តល់ជូននូវជើងហោះហើរទៅកាន់គោលដៅជាង២០០ នៅទូទាំងពិភពលោក និងផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញ៕